ឥណ្ឌាសម្រេចផ្អាកទិដ្ឋាការទេសចរណ៍ទាំងអស់រហូតដល់ពាក់កណ្តាលខែមេសា ខាងមុខ សំដៅទប់ស្កាត់ការរាលដាលនៃមេរោគ COVID-19
ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃទី១១ ខែមីនានេះ បានផ្អាកទិដ្ឋាការទេសចរណ៍ទាំងអស់រហូតដល់ថ្ងៃទី១៥ ខែមេសា ខាងមុខ ដោយបានបញ្ជាក់ថា ខ្លួននឹងដាក់ក្រុមអ្នកទេសចរដែលមកដល់ពីប្រទេសចំនួន០៧ ដែលមានការឆ្លងវីរុស COVID-19 ឱ្យនៅដាច់ដោយឡែកពីគេឯង ខណៈឥណ្ឌាកំពុងព្យាយាមទប់ស្កាត់ការឆ្លងវីរុសនេះ ។

ចំណាត់ការរបស់រដ្ឋាភិបាលឥណ្ឌាខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលអង្គការសុខភាពពិភពលោក WHO បានបញ្ចេញរបាយការណ៍ថា COVID-19 ដែលជាជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី បានផ្តាច់ជីវិតមនុស្សសរុបជាង ៤ពាន់៣រយនាក់ និងឆ្លងជាង១២ម៉ឺន១ពាន់ករណី ចាប់តាំងពីវាបានផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ។

ការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ការផ្អាកទិដ្ឋាការរបស់ឥណ្ឌានឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមីនានេះ ប៉ុន្តែទិដ្ឋាការការទូត និងទិដ្ឋាការសម្រាប់អង្គការអន្តរជាតិ ក្រុមការងារ និងគំរោងនានាត្រូវបានលើកលែង ។ ទន្ទឹមគ្នា អ្នកធ្វើដំណើរទាំងអស់ ដោយរួមទាំងជនជាតិឥណ្ឌាផងដែរ ដែលមកពី ឬបានទៅលេងប្រទេសចិន អ៊ីតាលី អ៊ីរ៉ង់ កូរ៉េខាងត្បូង បារាំង អេស្បាញ និងអាល្លឺម៉ង់ បន្ទាប់ពីថ្ងៃទី១៥ ខែកុម្ភៈ នឹងត្រូវបានដាក់ឱ្យនៅដោយឡែកក្នុងរយៈពេលអប្បបរមា១៤ថ្ងៃ ៕



