ស្ត្រីអាយុ២១ឆ្នាំ ត្រូវឃាតករបាញ់សម្លាប់កណ្តាលផ្សារស្ទឹងត្រែង (Video Inside)
ស្ត្រីអាយុ២១ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់បានដកកាំភ្លើងខ្លីបាញ់ចំសៀតផ្កា សម្លាប់ក្នុងចំណោមទីប្រជុំជននា កណ្តាលក្រុងស្ទឹងត្រែង និងក្រោយមកបុរសជាឃាតករ បានយកកាំភ្លើងដដែលនោះ បាញ់សម្លាប់ខ្លួនឯងវិញ ក្នុងហេតុការណ៍ដែលបានកើតឡើងនារសៀលថ្ងៃទី២៥មិថុនានេះ។
របាយការណ៍ពីកងរាជអាវុធហត្ថខេត្ត ស្ទឹងត្រែងបានរាយការណ៍ថាស្ត្រីឈ្មោះ សឿន ចាន់ណារី ដែលមានមុខរបរលក់ដូរ ត្រូវបានបុរសជាឃាតករ បាញ់សម្លាប់នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ក្នុងភូមិត្រពាំងព្រីង, សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ស្ត្រីរូបនោះ ត្រូវគេបញ្ជាក់ថាមានទីលំនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្នុងក្រុងស្ទឹងត្រែង។
មិនមានសេចក្តីរាយការណ៍ លំអិតជុំវិញមូលហេតុនៃករណីបាញ់សម្លាប់នោះទេ ប៉ុន្តែសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានដាក់ការសង្ស័យ ថាជាករណីស្នេហាត្រីកោណ។ សេចក្តីរាយការណ៍តាមបណ្តាញសង្គម បាននិយាយថាគឺជាករណីប្តីបាញ់សម្លាប់ ភរិយារបស់ខ្លួន។ មិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីអត្តសញ្ញាណរបស់បុរសជាឃាតករនោះឡើយ។