ប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញថ្ងៃដំបូងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖  យុទ្ធនាការរឹតបន្តឹងច្បាប់ច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ ពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃបូងបើយោងតាមរបាយការណ៍ ការិយាល័យចរាណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញឱ្យដឹងថាបានដោះស្រាយ និងបង្ការទប់ស្កាត់សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុង។ ពោលនៅក្នុងអំឡុងយប់អធ្រាត្រចេញប្រតិបត្តិការចាត់វិធានការរួមគ្នាពីកម្លាំង នគរបាលរាជធានីភ្នំពេញចាប់ពីវេលាម៉ោង១១យប់ថ្ងៃទី០៩ ខែមីនា រហូតដល់ម៉ោង២និង៣០នាទីអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ គ្មានបទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឱ្យមនុស្សរងរបួសរឺស្លាប់នោះទេ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាពល្អ។

សូមបញ្ជាក់ថា នៅយប់មិញនេះការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរាជធានីភ្នំពេញបានអនុវត្តចំនួន០៧ខណ្ឌក្នុងចំណោម១៤ខណ្ឌនៃរាជធានីភ្នំពេញ។ការអនុវត្តន៍វិធានការដោះស្រាយសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍បានធ្វើនៅខណ្ឌ៧មករា, ខណ្ឌសែន សុខ, ខណ្ឌជ្រោយចង្វារ ,ខណ្ឌដង្កោ ,ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌកំបូល ជាលទ្ធផលកម្លាំងនគរបាលបានពិនិត្យរកឃើញអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ផ្លូវគោកក្នុងនោះអ្នកអត់ពាក់មួកសុវត្ថិភាព៣៧៤គ្រឿង អត់កញ្ចក់០១គ្រឿង,បើកបរស្រវឹង២៩គ្រឿង និងឆែកឆេរត្រួតពិនិត្យបទល្មើសគ្រឿងញៀន០១ករណី។ បានឃាត់ម៉ូតូ និងរថយន្តល្មើសច្បាប់ចរាចរណ៍សរុប៤០៣គ្រឿងបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីយក មកអប់រំ និងផាកពិន័យចំពោះអ្នកបើកបរដោយអនុវត្តតាមគោលការណ៍ច្បាប់។

គួរបញ្ជាក់ដែរថា ការចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញនៅយប់ថ្ងៃដំបូងត្រូវគេមើលឃើញថារឹតបន្តឹងអនុវត្តន៍ទៅលើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអ្នកបើកល្បឿនលឿន  ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តតាមផែនការនិងទិសដៅការងាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរបាលជាតិ ដើម្បីអនុវត្តន៍ដោះស្រាយសភាពការគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាឱ្យមានការថយចុះទាំងអ្នកស្លាប់ និងអ្នករងរបួស និងការរឹតបន្តឹងឱ្យប្រជាពលរដ្ឋមានស្មារតីភ្ញាក់រលឹកចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាព។

អត្រាគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញបានកើតឡើងបង្កឱ្យមនុស្សស្លាប់ និងរងរបួសមានការកើនឡើងកាលពីឆ្នាំ២០១៩ដោយឡែកអត្រាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បង្កឱ្យមនុស្សស្លាប់ និងរងរបួសកើនឡើងដូចគ្នាផងដែរ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍គួរឱ្យព្រួបារម្ភបែបនោះហើយ សម្តេចក្រឡាហោម ស ខេង កន្លងទៅនេះ ក៏បានមានប្រសាសន៍លើកឡើងនូវក្តីកង្វល់ដោយបានប្រកាសករណីគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាដល់ចំណុចប្រកាសអាសន្ននោះហើយ។

ការចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានរំលឹកដល់កម្លាំងនគរបាលក្រោមឱវាទដែលបំពេញភារកិច្ច ត្រូវអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព តម្លាភាព និងគោរតាមវិជ្ជាជីវៈនគរបាលជាតិ ដោយមិនធ្វើអ្វីខុស និងច្បាប់ក៏ដូចជាបទបញ្ជាថ្នាក់លើនោះឡើយ៕ ដោយ៖ សំ វិច្ឆិកា

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner