រកឃើញអ្នកចាក់វ៉ាក់សាំងទី៤លាន ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង រាជរដ្ឋាភិបាល ថែមទាំងលើកទឹកចិត្ត ផ្តល់រង្វាន់១០លានរៀល និងសម្ភារៈ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី៤លាន ដែលបានទៅលើយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង។ យុទ្ធជនពិការនឹងទទួលបានថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត។
បើយោងតាមរយៈហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បញ្ជាក់ថា យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
សម្តេចបានបន្តទៀតថា សូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវឱ វណ្ណឌីន នឹងនាំសម្ភារៈ ថវិការទៅជូនប្អូនសូ សយ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សម្តេចក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំ ចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវ ការចាក់វ៉ាកសាំង៤០ភាគរយ នៃចំនួនដែលត្រូវចាក់។
«ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ»។ នេះជាការបន្ថែមរបស់សម្តេចតេជោ៕
