លោក ដូណាល់ ត្រាំ មិនបានធ្វើតេស្តរកមេរោគកូរ៉ូណានោះទេ ខណៈសមាជិកសភាជាច្រើនរូបកំពុងអនុវត្តន៍មានវិធានការស្នាក់នៅដាច់ដោយឡែកពីគេ
សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ មិនបានទទួលការធ្វើតេស្ដរកមេរោគ COVID-19 នោះទេ បើទោះជាលោកត្រូវបានគេអះអាងថា ធ្លាប់បានទាក់ទងជិតស្និទ្ធជាមួយសមាជិកសភាអាម៉េរិកជាច្រើនរូប ដែលកំពុងអនុវត្តវិធានការស្នាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីបានប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកវីរុស ។

កន្លងមក ប្រធានាធិបតីអាម៉េរិករូបនេះ ក៏ធ្លាប់ត្រូវបានអ្នកព័ត៌មានសួរថាតើលោកបានទទួលការធ្វើតេស្ដរកជំងឺកូរ៉ូណាដែរឬអត់ ប៉ុន្តែលោកមិនបានឆ្លើយនឹងសំនួរនេះទេ ដោយលោកដើរចេញពីបន្ទប់សន្និសីទសារព័ត៌មាន ។ ប៉ុន្តែអនុប្រធានា ធិបតីអាម៉េរិក លោក ម៉ៃក៍ ភែន បាននិយាយថា លោកមិនដឹងពីបញ្ហានេះទេ ហើយថា លោកផ្ទាល់ក៏មិនត្រូវបានធ្វើតេស្ដរកជំងឺនេះដូចគ្នា ។

យ៉ាងណាមិញ នៅថ្ងៃទី០៩ ខែមីនានេះ សេតវិមានបានលើកឡើងថា លោក ត្រាំ មិនបានទទួលការធ្វើតេស្ដរក COVID-19 នោះទេ ពីព្រោះជាការពិត លោកមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺណាម្នាក់នោះទេ ហើយក៏មិនមានរោគសញ្ញាគួរឱ្យសង្ស័យអ្វីនោះដែរ ។ បច្ចុប្បន្នលោក ត្រាំ សុខភាពល្អធម្មតា ខណៈក្រុមគ្រូពេទ្យនឹងបន្តតាមដានសុខភាពរបស់លោក យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ៕


