តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 បន្តកើនឡើង៣១៩ករណីនៅទូទាំងប្រទេសអង់គ្លេស ក្នុងនោះមានអ្នកជំងឺ០៥នាក់ស្លាប់
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអង់គ្លេស បន្តកើនឡើងដល់៣១៩ករណីហើយ ក្នុងនោះមានអ្នកជំងឺ០៥នាក់បានបាត់បង់ជីវិត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ។

ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង០៥នាក់ខាងលើនេះ មានមនុស្សម្នាក់ទើបស្លាប់ ដែលមានវ័យចំណាស់ជាង៧០ឆ្នាំ ហើយក៏មានជំងឺប្រចាំកាយផងដែរ ព្រោះគ្រាន់តែបញ្ជូនទៅកាន់មន្ទីរពេទ្យ ហេលីអើ (St Helier) និងធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មីតែប៉ុន្មានម៉ោងនោះ អ្នកជំងឺរូបនេះក៏បានបាត់បង់ជីវិតតែម្តង ។

សូមជម្រាបថា មិនខុសពីករណីនៅប្រទេសផ្សេងៗទៀតឡើយ អ្នកជំងឺដែលបានស្លាប់ដោយសារតែវីរុស COVID-19 នៅប្រទេសអង់គ្លេស ភាគច្រើនបំផុតគឺជាមនុស្សមានវ័យចាស់ជរា និងមានជំងឺប្រចាំកាយស្រាប់ ៕

