អាជ្ញាធរអ៊ីរ៉ង់ដោះលែងអ្នកទោស៧ម៉ឺននាក់ជាបណ្តោះអាសន្ន ចំពេលដែលមេរោគឆ្លង COVID-19 កំពុងរាលដាលកាន់តែខ្លាំងឡើង

អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេចចិត្តដោះលែងអ្នកទោសប្រមាណ៧ម៉ឺននាក់ជាបណ្តោះអាសន្ន ដែលជាវិធានការមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលមេរោគ COVID-19 ថ្មីទៀតនៅក្នុងមន្ទីរឃុំឃាំង ។ ជាមួយគ្នានេះ មន្ត្រីយុត្តិធម៌របស់អ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី បានប្រកាសនៅថ្ងៃទី០៩ ខែមីនានេះថា កាដោះលែងអ្នកទោសជាបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរអ៊ីរ៉ង់ បាននឹងកំពុងព្យាយាមទប់ស្កាត់ការឆ្លងរាលដាលមេរោគ COVID-19 នៅទូទាំងប្រទេស ។

ការប្រកាសដោះលែងនេះទៀតសោត បានកើតមានឡើងចំពេលដែលអង្គការសហប្រជាជាតិ បាននិយាយថា មានករណីផ្ទុះឡើងនៃជំងឺ COVID-19 នៅតាមមន្ទីរឃុំឃាំង (គុក) ក្នុងប្រទេសអ៊ីរ៉ង់ ។ គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់នោះ គិតត្រឹមថ្ងៃទី០៩ ខែមីនានេះ (ម៉ោងក្នុងតំបន់) ចំនួនអ្នកឆ្លងថ្មីនៃវីរុស COVID-19 បានកើនឡើង៥៩៥នាក់បន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងមេរោគកើនឡើងដល់៧ពាន់១៦១ករណី ក្នុងនោះមានអ្នកជម្ងឺ២៣៧នាក់បានបាត់បង់ជីវិត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner