រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ គម្រោងស្តីពីសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ នឹងជួយអោយកសិករអាចរកចំណូលពីការចិញ្ចឹមមាន់ជាង១០លានរៀលក្នុងមួយខែ (មានវីដេអូ)

កម្ពុជា៖ ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍អោយដឹងថា តាមរយៈ​គម្រោង​ស្តីពី​សន្តិសុខ​ស្បៀង​សម្រាប់​កសិករ​ក្រីក្រ​-​ការធ្វើឱ្យប្រសើរឡើង​ពូជ​មាន់​ក្នុងស្រុក និង​ការលើកកម្ពស់​ផលិតភាព ធ្វើអោយ​ប្រជាកសិករ​ខេត្តអាច​រកប្រាក់​ចំណេញ​បាន​រហូតដល់​ជាង១០​លាន​រៀលនៅក្នុង​មួយ​ខែ ​។​

ឯកឧត្តមបន្តថា គម្រោង​ខាងលើនេះ ​ទទួលបាន​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ដាក់អោយ​អនុវត្ត​សាកល្បង​ដោយអគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សម្រាប់​វគ្គ​ទី​១ គឺ​ចាប់ពី​ឆ្នាំ​២០១៦-២០១៨ និង​វគ្គ​ទី​២ ពី​ឆ្នាំ​២០២០-២០២១ នៅ​ខេត្ត​គោលដៅ​ចំនួន០​៣ រួមមានខេត្ត​ត្បូងឃ្មុំ តាកែវ និង​ខេត្តកំពង់ឆ្នាំង ​។ ឯកឧត្តមបន្ថែមថា គម្រោង​នេះមាន​គោលបំណង​ធ្វើការ​សិក្សា​ស្រាវជ្រាវ ដើម្បី​ស្វែងរកគំរូ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ​សមស្រប​មួយ សំដៅលើ​និរន្តរភាព​ផលិតកម្ម និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ដែល​អាចអោយ​កសិករ​ចាប់យក​របរ​ចិញ្ចឹម​មាន់ពូជ​ក្នុងស្រុក ជា​អាជីព​គ្រឹះ​រឹងមាំ​មួយ​សម្រាប់​លើកកម្ពស់​កម្រិតជីវភាព​ឲ្យ​បានល្អ​ប្រសើរ តាមរយៈ​ការអនុវត្ត​បច្ចេកទេស​បង្ហាញ​សាមញ្ញ និង​សមស្រប​មួយ​ក្នុង​បរិបទ ​នៃការប្រែប្រួល​អាកាសធាតុ​ ។

​ឯកឧត្តម​រដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្រៅពី​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​អំ​ពី​ការចិញ្ចឹម ការផ្តល់ និង​ផ្សំ​ចំណី ការថែទាំ ការបង្ការ និង​ការពារ​ជំងឺ​សត្វ​ការគ្រប់គ្រងផលិតកម្ម​-​សេវាកម្ម​សុខភាព និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ​។ លើសពីនេះ​ គម្រោង​បានផ្តល់​ទ្រុង (​ទំហំ​១២​ម​x៤​ម រៀប​ឥដ្ឋ ជញ្ជាំង​សំណាញ់ លួស​ប្រក់​សាំង្កសី​) ពូជ​មាន់​ចំនួន៨៤​ក្បាល (​មេ៧២) ទូ​ភ្ញាស់ ០១​គ្រឿង និង​ឧបករណ៍​-​សម្ភារៈ​មួយចំនួនទៀត​សរុបថវិកា​ប្រមាណ​១០​លាន​រៀល​/​គ្រួសារ ​និង​បាន​ជួយ​រៀបចំ​ទស្សនៈកិច្ច​សិក្សា​កន្លែង​ចិញ្ចឹមមាន់ ​ដែល​ទទួលបាន​ជោគជ័យ ដើម្បី​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​អំពី​ការអនុវត្ត​ទីផ្សារ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផងដែរ​ ។ ចំពោះ​ប្រាក់ចំណេញ​ដែល​ប្រជាកសិករ ​ទទួលបានចន្លោះ​ចាប់ពី៣៧ម៉ឺន៥ពាន់ទៅ​១២លាន៧៥ម៉ឺន​រៀលក្នុង​១​ខែ ​៕​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner