នៅឆមាសទី១ឆ្នាំ២០២១នេះ ទិន្នផលនេសាទ១៨.៣៣០តោននៅខេត្តកោះកុងបានចរាចរណ៍នាំចេញទៅលក់នៅលើទីផ្សារកម្ពុជា (មានវីដេអូ)
Video: https://fb.watch/6qDVWDH-vO/
កោះកុង៖ រដ្ឋបាលជលផលខេត្តកោះកុងបានអោយដឹងថា ទិន្នផលសមុទ្រនៅខេត្តកោះកុងប្រមាណ១ម៉ឺន៨ពាន់៣៣០តោនបានចរាចរណ៍នាំចេញទៅលក់នៅលើផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗនៅឆមាសទី១ ដើមឆ្នាំ២០២១នេះ ។
យ៉ាងហោចណាស់មានទិន្នផលត្រី មឹក ក្តាម បង្គារ និងគ្រែឈាមជាង១ម៉ឺន៨ពាន់៣៣០តោនត្រូវបានប្រជានេសាទប្រមូលផលលក់ចែកចាយបន្តទៅកាន់ទីផ្សារសំខាន់ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅពាក់កណ្តាលឆ្នាំ២០២១ ។ លោក សេង ប៊ុណា្ណ នាយរងខណ្ឌជលផលខេត្តកោះកុងបានអោយដឹងថា ទោះបីជាមានការចរាចរណ៍នូវទិន្នផលនេសាទខ្ទង់ម៉ឺនតោនក៏ពិតមែន តែទិន្នផលនេះបានថយចុះ៣ពាន់៩៩៣តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងនោះ ទិន្នផលកែច្នៃចំនួន៩១៥តោន ថយចុះ២២៣តោន ក្រោមហេតុផលការរីករាលដាលជំងឺកូវីដគ្មានការបញ្ជាទិញពីក្រុមឈ្នួញកណ្តាល ។ លោកបន្តថា ការនាំចេញទៅបរទេស គឺមានក្រុមហ៊ុន LYP Group របស់ឧកញ៉ា លី យ៉ុងផាត់ បាននាំចេញទិន្នផលសមុទ្រតិចតួច ។ លោកបន្ថែមថា បច្ចុប្បន្នមានប្រជានេសាទជាលក្ខណៈគ្រួសារនៅជាប់ព្រំដែនតែងតែលួចដឹកផលនេសាទដូចជា៖ សាច់ក្តាម មឹក និងត្រីចម្រុះមួយចំនួនទៅប្រទេសក្រៅផងដែរ ។
រយៈពេល៣ខែចុងក្រោយនេះ ដោយសារតែកង្វះការបញ្ចាទិញពីឈ្នួញកណ្តាល បានធ្វើឱ្យក្រុមទូកអ្នកនេសាទត្រូវបង្ខំចិត្តចូលចតនៅច្រាំងមិនចេញនេសាទដូចសព្វដងឡើយ ។ ករណីតម្រូវការលើទីផ្សារនៅតែមាន ដំណើរការនេសាទរបស់ប្រជានេសាទនៅតែមានភាពប្រក្រតីធម្មតាទេ ។ ដោយឡែកចំពោះទិន្នផលទឹកសាបដែលប្រមូលបាន២០៤តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ថយចុះ៩៦តោន ។ ហើយចំពោះផលិតផលជលផលកែច្នៃវិញ មានចំនួន៩០៥តោន បើធៀបនឹងឆ្នាំទៅ ថយចុះចំនួន២៦៦តោន ។ ជាយុទ្ធសាស្រ្តលើកទឹកចិត្តប្រជានេសាទ គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានសម្របសម្រួលរៀបចំចងក្រងជាបណ្តុំផលនេសាទ ដើម្បីធ្វើយ៉ាងណារកទីផ្សារលក់ចេញក្នុងស្រុកបាន ៕ ប្រភព៖ កម្ពុជាថ្មី


