លោក ចូ បៃដិន និងប្រធានាធិបតីអ៊ីស្រាអែលធ្វើកិច្ចពិភាក្សាស្តីពីទំនាក់ទំនង និងបញ្ហាក្នុងតំបន់ (មានវីដេអូ)
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទនេះបានធ្វើកិច្ចពិភាក្សាជាមួយសមភាគីអ៊ីស្រាអែលលោក រូវេន រីវ្លីន (Reuven Rivlin) អំឡុងដំណើរទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក ស្តីពីការពង្រឹងទំនាក់ទំនង និងបញ្ហាក្នុងតំបន់ ។
នៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់ពួកលោកនៅឯវិមានប្រធានាធិបតីនោះ លោក ចូ បៃដិន បានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករ៉េរបស់សហរដ្ឋអាមេរិក គាំទ្រដល់ការការពារខ្លួនរបស់អ៊ីស្រាអែល ដោយលោក បៃដិន បញ្ជាក់ថា អ៊ីរ៉ង់នឹងគ្មានថ្ងៃទទួលបាននូវអាវុធនុយក្លេអ៊ែរស្ថិតក្រោមរដ្ឋបាលរបស់លោកឡើយ ។ លោក បៃដិន បានសង្កត់ធ្ងន់ទៀតថា លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលថ្មី លោក Naftali Bennett នៅឯសេតវិមានក្នុងពេលឆាប់ៗនេះ និង បានសម្តែងការគាំទ្រចំពោះការធ្វើអោយប្រក្រតី នូវទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសដទៃទៀតនៅក្នុងតំបន់ ។
គួរកត់សម្គាល់ ប្រធានាធិបតីអ៊ីស្រាអែលលោក រូវេន រីវ្លីន នឹងត្រូវចូលនិវត្តន៍នៅខែក្រោយនេះហើយ បន្ទាប់ពីអាណត្តិរបស់លោករយៈពេល០៧ឆ្នាំត្រូវបានបញ្ចប់ ៕ ប្រភព៖ ស៊ីនហួរ


