ប្រមុខការទូតអាមេរិក៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រមាណ១ម៉ឺននាក់កំពុងជាប់ក្នុងមន្ទីរឃុំឃាំងនៅស៊ីរី (មានវីដេអូ)
Video: https://fb.watch/6qEpvzx26p/
អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃចន្ទនេះបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន១ម៉ឺននាក់ កំពុងបន្តស្ថិតក្នុងជំរុំឃុំឃាំងដែលគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយក្រុមឃឺដ (Kurds) ហើយថា ស្ថានភាពនេះមិនអាចរក្សាបន្តទៅទៀតបានឡើយ ។
ថ្លែងនៅឯពិធីបើកកិច្ចប្រជុំក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីបន្តកិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងក្រុមសកម្មជនរដ្ឋអ៊ីស្លាម លោក Blinken បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបន្តជំរុញដល់ប្រទេសនានាដែលរួមមានប្រទេសជាសមាជិកចំនួន៧៨នៃក្រុមសម្ព័ន្ធភាពចម្រុះប្រឆាំងក្រុមរដ្ឋអ៊ីស្លាម ឲ្យទទួលយកពលរដ្ឋរបស់ខ្លួនដែលបានចូលរួមប្រយុទ្ធជាមួយក្រុមនេះ ។
លោក Blinken បានសង្កត់ធ្ងន់ថា ស្ថានភាពនេះ មិនអាចរក្សាបន្តទៅទៀតបានទេ… វាមិនអាចកើតមានឡើងជារៀងរហូតនោះទេ ។ សហរដ្ឋអាមេរិកបន្តជម្រុញដល់ប្រទេសនានាដែលរួមមានក្រុមសម្ព័ន្ធចម្រុះនៃដៃគូផងនោះ ឲ្យទទួលយកក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ស្តារនីតិសម្បទាពួកគេ ហើយក្នុងករណីដែលអាចអនុវត្តបាន ត្រូវកាត់ទោសពលរដ្ឋរបស់ខ្លួន ដែលបានចូលរួមប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម ។ ចំណុចសំខាន់មួយទៀត ក្នុងការយកឈ្នះក្រុមរដ្ឋអ៊ីស្លាមក្នុងរយៈពេលរហូតនោះ គឺតម្រូវឲ្យមានការដោះស្រាយការគំរាមកំហែងពីក្រុមនេះ នៅក្រៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ជាពិសេសគឺនៅតំបន់ទ្វីបអាហ្វ្រិក ៕ ប្រភព៖ Reuters



