អស្ចារ្យ! ក្រុមបាល់ទាត់យុវជននគររាជ AFT នៅតែរក្សាតំណែងមិនស្គាល់ការចាញ់ ក្រោយផ្តួលសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឪខេត្តព្រះសីហនុ ក្នុងលទ្ធផល៥ទល់នឹង០ ក្នុងវគ្គ១៦ក្រុមនៃពានរង្វាន់

អត្ថបទដោយ៖
Kien Sereyvuth

តាកែវ៖ ក្រុមបាល់ទាត់យុវជននគររាជ AFT ដែលជាក្រុមឆ្នើមមួយលេងមិនធ្លាប់ស្គាល់ពាក្យថា បរាជ័យនោះ នៅថ្ងៃអាទិត្យទី០៨ ខែមីនានេះ ត្រូវនឹងថ្ងៃទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ បានបើកទ្វារផ្ទះស្វាគមន៍ក្រុមសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឳខេត្តព្រះសីហនុ ដែលជាក្រុមជើងខ្លាំង និងមិនធ្លាប់ស្គាល់ការចាញ់ដូចគ្នា នៅឯមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ។

ក្រុមជើងខ្លាំងដែលមិនទាន់ធ្លាប់ស្គាល់ពាក្យថាចាញ់ទាំងពីរក្រុមនេះ បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញនៅលើសមភូមិវាលស្មៅ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ  គឺក្រុមបាល់ទាត់យុវជននគររាជ AFT បានប្រើបច្ចេកទេស និងការសហការគ្នាជាក្រុមលេងបានយ៉ាងល្អ ដោយគ្រាប់បាល់ទី១ និងទី២ ទាត់បញ្ចូលទីបានសម្រេចដោយកីឡាករពាក់ស្លាកលេខ២០ មុំ សាណាក់ ខណៈគ្រាប់បាល់ទី៣ និងទី៥ ទាត់បញ្ចូលទីដោយកីឡាករពាក់ស្លាកលេខ២៣ ខ័ណ្ឌ ឧសភា ចំនែកឯគ្រាប់បាល់ទី៤ ធ្វើបានសម្រេចដោយកីឡាករពាក់ស្លាកលេខ៧ ឡោ វិនហាវ ។ ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ គឺក្រុមបាល់ទាត់យុវជននគររាជ AFT បានយកឈ្នះលើក្រុមភ្ញៀវសាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឳខេត្តព្រះសីហនុ ជា មួយនឹងលទ្ធផលផ្លូវការ៥ទល់នឹង០ ។

ការប្រកួតនេះ គឺការរក្សាតំណែងក្រុមជើងខ្លាំងមិនធ្លាប់មានប្រវត្តិចាញ់គិតចាប់តាំងពីវគ្គ៣២ក្រុម រហូតឈានចូលដល់វគ្គ១៦ក្រុមរបស់ក្រុមបាល់ទាត់យុវជននគររាជ AFT ដើម្បីដណ្តើមជើងឯកនៃពានរង្វាន់ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ។
ទន្ទឹមនឹងជ័យជំនះខាងលើនេះ ក្រុមជើងខ្លាំងយុវជននគររាជ AFT នឹងត្រូវឡើងទៅកាន់វគ្គ៨ក្រុមជាបន្តទៀតដោយស្វ័យប្រវត្តិ បើទោះបីជានៅសល់ការប្រកួតមួយទៀតនៅក្នុងដៃ ដែលនឹងត្រូវប៉ះជាមួយក្រុមសាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០២០ នៅឯមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខណៈក្រុមជើងខ្លាំងយុវជននគររាជ AFT ប្តេជ្ញាថា នឹងខិតខំព្យាយាមអោយអស់ពីលទ្ធភាព ដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតបន្តបន្ទាប់ទៀត ដើម្បីរក្សាតំណែងជាក្រុមជើងខ្លាំងនៅលើពូល និងជាក្រុមមិនធ្លាប់ស្គាល់ពាក្យថា បរាជ័យ ។

តំណាងក្រុមបាល់ទាត់យុវជននគររាជ AFT បានបញ្ជាក់ថា ភាពជោគជ័យ និង ជ័យជំនះរបស់ក្រុមខ្លួនកន្លងមកនេះ នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូបង្វឹក និង ថ្នាក់ដឹកនាំក្រុម ជាពិសេសម្ចាស់ឧបត្ថម្ភក្រុមទាំងមូល គឺក្រុមហ៊ុន Oishi ព្រមទាំងគណៈគាំទ្រជាច្រើនរូបផ្សេងទៀត ។ យុវជនរូបនេះបន្ថែមទៀតថា បច្ចុប្បន្នក្រុមបាល់ទាត់នគរ រាជ AFT ដែលមានយុវជនថ្នាលសរុបជិត៨០នាក់ ក្នុងនោះរួមមានយុវជនថ្នាលអាយុក្រោម១២ឆ្នាំ ១៤ឆ្នាំ និង១៦ឆ្នាំ កំពុងស្វែងរកការជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដោយសារតែក្រុមខ្លួននៅមានកង្វះខាតជាច្រើនដូចជាផ្នែកសម្ភារៈ និងបច្ចេកទេសជាដើម ។

ជាមួយគ្នានេះ ក្រុមបាល់ទាត់យុវជននគររាជ AFT ក៏អំពាវនាវឱ្យអាណាព្យាបាលទាំងអស់បញ្ជូនបុត្រធីតា មកចូលរួមហ្វឹកហាត់ជាមួយក្រុម AFT ផងដែរ ដើម្បីសុខភាពជៀសឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗ ក៏ដូចជាជួយលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ ហើយការចុះឈ្មោះចូលរួមអាចទំនាក់ទំនងបានតាមរយៈគេហទំព័រ Facebook : ក្រុមបាល់ទាត់យុវជននគររាជ AFT (Norkor Reach AFT) ដោយធ្វើការហ្វឹកហាត់រៀងរាល់ព្រឹកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖៣០នាទី ដល់ម៉ោង៩៖០០នាទី នៅទីលានបាល់ទាត់ភ្នំពេញស៊ីធីត (បឹងកក់) ។

តំណាងក្រុមបាល់ទាត់យុវជននគររាជ AFT ក៏បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ផងដែរ ដែលបានផ្តល់ឱកាសឱ្យក្រុម AFT បានចូលរួមការប្រកួតដណ្តើមពានរង្វាន់នៃ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” និងសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) ដែលបានផ្តល់មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ធ្វើជាទីលានសម្រាប់រៀបចំការប្រកួតដណ្តើមពានរង្វាន់នៃ “ការប្រកួតជើងឯកអាយុក្រោម១៦ឆ្នំា” ដល់ក្រុមបាល់ទាត់យុវជននគររាជ AFT ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត និង ថ្លែងអំណរគុណដល់មន្រ្តីរៀបចំការប្រកួតតំណាងឱ្យក្រុមបាល់ទាត់យុវជននគររាជ AFT ក្នុងការធ្វើជាម្ចាស់ផ្ទះនៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner