តើជាកន្លែងផ្ញើរម៉ូតូ ឬជាកន្លែងស្តុកម៉ូតូរបស់ចោរ ? ខណៈសមត្ថកិច្ចរកឃើញម៉ូតូជនរងគ្រោះដែលបាត់ម៉ូតូ២លើកនៅកន្លែងផ្ញើម៉ូតូតែមួយ
ភ្នំពេញ ៖ មានទីតាំងស្ទុបម៉ូតូរាប់រយគ្រឿងមួយកន្លែង ក្បែរកាស៊ីណូ ណាហ្គាវើល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាញឹកញយ សមត្ថកិច្ចតែងតែរកឃើញ ម៉ូតូរបស់ជនរងគ្រោះ ដែលត្រូវចោរលួចយកទៅទុកនៅនោះ ។

គួរបញ្ចាក់ថា មានចោរកាច់ករម៉ូតូជនជាតិវៀតណាម២នាក់ ត្រូវបាន សមត្ថកិច្ចនគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់បាន កាលពីវេលាម៉ោ០៣ និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត នៅចំណុចតាមផ្លូវបេតុងកែងផ្លូវ៥៩៨ ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានមួយបានបង្ហើបឱ្យដឹង ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបានឈាន ទៅរកឃើញម៉ូតូរបស់ជនរងគ្រោះ មួយគ្រឿងម៉ាកឌ្រីមសង់ នៅចំណុចទីតាំង កន្លែងស្តុកម៉ូតូរាប់រយគ្រឿង ចំណុចខាងលើ ( ខណ្ឌចំការមន) តាមការចង្អុលសារភាព របស់ក្រុមជនសង្ស័យ ។ បុរសដែលមើលការខុសត្រូវកន្លែងនេះ ធ្លាប់អះអាងថា កន្លែងគេគ្រាន់តែផ្ញើរម៉ូតូ ។
គួររំលឹកថា មានករណីបាត់ម៉ូតូបានកើតឡើង នៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកន្លែងផ្ញើរកង់ ម៉ូតូមួយកន្លែង នៃផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់មកជនរងគ្រោះ បានស្វែងរកម៉ូតូតាម GPS ក៏ឃើញនៅ ចំណុចទីតាំងខាងលើ នៃខណ្ឌចំការមន ។

ខណៈនៅចំពោះមុខសមត្ថកិច្ច បុរសដដែលម្នាក់នោះ អះអាងថា ខ្លួនជាអ្នកគ្រប់គ្រងទីនេះ ហើយកន្លែងនេះ ជាកន្លែងផ្ញើរម៉ូតូ មិនចាំមិនស្គាល់មុខចោរទេ និងមិនសហការនិយាយរៀបរាប់អ្វីទាំងអស់ ហើយហាមអ្នកសារព័ត៌មាន Live ទីតាំងរបស់ខ្លួនដាច់ខាត ។ក្រោយមក ជនរងគ្រោះ បានយកកាតគ្រីមកបង្ហាញសមត្ថកិច្ច ទើបសមត្ថកិច្ចធ្វើកំណត់ហេតុ ដកហូតម៉ូតូនោះទៅរក្សាទុក រង់ចាំបន្តនីតិវិធី ។

ចំពោះទីតាំងនេះ មានប្រភពមួយបង្ហើបថា អាចមិនមែនជាកន្លែងផ្ញើរម៉ូតូធម្មតានោះទេ សង្ស័យជាកន្លែងបន្លំស្តុកម៉ូតូបញ្ចាំ របស់ក្រុមទទួលបញ្ចាំកាប់ដាវ គ្មានឯកសារ ទទួលឆៅៗ របស់ក្រុមហ៊ុនមួយដ៏ធំនៅក្បែរនេះ ក្រោមរូបភាពផ្ញើរម៉ូតូ លាយឡំគ្នាប៉ុណ្ណោះ ។ចោរ ហាក់មានគោលដៅច្បាស់លាស់ ក្នុងការរំដោះម៉ូតូ ដែលពួកគេលួចបាន យ៉ាងឆាប់រហ័ស និងសុវត្ថិភាពបំផុត ប្រសិនបើយានយន្ត គ្មាន GPS មិនងាយរកឃើញឡើយ ។ នេះជាករណីជាក់ស្ដែង លើកទី២ហើយ ដែលសមត្ថកិច្ច បានរកឃើញម៉ូតូរងគ្រោះដែលក្រុមចោរ យកមកទុកនៅទីនេះ ៕ធ.ដ