អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្តអមដំណើរប្រតិភូក្រសួងនិងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីចុះស្វែងយល់និងពិនិត្យមើលពីវឌ្ឍនភាព នៃគំរោងសាងសង់ផ្លូវជាតិលេខ៥ “ហាយវ៉េ” នៅក្នុងភូមិសាស្ត្ររបស់ខេត្ត
ក្នុងការបន្តដំណើរចុះពិនិត្យគម្រោងសាងសងស្ថាបនាផ្លូវជាតិលេខ៥ នៅខេត្តបាត់ដំបងនិងបន្ទាប់ពីបានបញ្ចប់ការងារ នៅខេត្តបន្ទាយមានជ័យ និងដើម្បីធានានូវការប្រើប្រាសឲ្យបានយូរ ប្រកបដោយគុណភាពតាមស្តង់ដាបច្ចេកទេស និងសម្រេចឱ្យបានទៅតាមផែនការគ្រោងទុក នៅថ្ងៃទី ៣០ខែមិថុនាឆ្នាំ២០២១ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តមអគ្គរាជទូតវិសាមញ្ញនៃប្រទេសជប៉ុននិងវត្តមានរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ញូនខេត្ត បានបន្តដំណើរជាមួយនិងគណៈប្រតិភូក្រសួង ព្រមទាំងក្រុមការងារបច្ចេកទេសដើម្បីចុះត្រួតពិនិត្យមើលអំពីដំណើរការសាងសង់ផ្លូវជាតិលេខ៥ និងចង់ស្វែងយល់ពីវឌ្ឍនភាពនៃក្រុមការងារគម្រោងដែលកំពុងតែអនុវត្តសាងសង់ស្ថាបនាផ្លូវជាតិលេខ៥(ហាយវ៉េ)ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ចាប់ពីចំណុចព្រំប្រទល់នៃ ខេត្តបន្ទាយមានជ័យ-ខេត្តបាត់ដំបង រហូតមកដល់ចំណុចផ្លូវវាងក្រុងខេត្តបាត់ដំបង ដែលមានប្រវែង៨៣គម.។ ក្នុងនោះក៏មានការចូលរួមអមដំណើរពីគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។
តាមរយៈបេសកកម្មការងាររបស់ប្រតិភូនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចុះពិនិត្យមើលគុណភាពផ្លូវវាងក្រុងស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះ គឺ៖ជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមជំនួយ របស់រាជរដ្ឋាភិបាលជប៉ុន និងតាមរយៈ (អង្គការ ចៃកា Jica ជប៉ុន) ខណៈដែលការស្ថាបនាផ្លូវនេះបាន និងកំពុងតែសម្រេចបានជាច្រើនភាគរយហើយនោះ។ ហើយការចុះត្រួតពិនិត្យនេះគឺក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីឲ្យការអនុវត្តនូវគំរោងគឺត្រូវតែធានាឲ្យបានគុណភាពក្នុងការប្រើប្រាស់បានយូរ និងប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ហើយដែលត្រូវតែសម្រេចឱ្យបាននូវសមិទ្ធផលនេះ ទៅតាមផែនការគ្រោងទុក។
លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា៖ ការបន្តដំណើរចុះពិនិត្យមើលគម្រោងសាងសងស្ថាបនាផ្លូវជាតិលេខ៥ នៅខេត្តបាត់ដំបងនេះ គឺដើម្បីចុះស្វែងយល់ក្នុងការត្រួតពិនិត្យមើលពីការអនុវត្តគំរោង និងពីគុណភាពផ្លូវដែលកំពុងតែសាងសង់និងស្ថាបនានិងជំរុញឲ្យការសាងសង់ ដើម្បីធានាក្នុងការប្រើប្រាសបានយូរ និងប្រកបដោយគុណភាពតាមកំរិតស្តង់ដាបច្ចេកទេស។
លោកប្រធានមន្ទីរសាធារណការខេត្តបាត់ដំបង ក៏បានឲ្យដឹងបន្ថែមទៀតថា៖ ក្នុងដំណើរចុះត្រួតពិនិត្យនេះ ក្រសួងសាធាណការ ក៏បានជំរុញនិងកំពុងតែពន្លឿនក្នុងការដាំដើមឈើ អមនៅតាម ផ្លូវជាតិលេខ៥ (ផ្លូវវាងក្រុងបាត់ដំបង) ឲ្យកាន់តែមានភាពស្រស់ស្អាត ខណៈការដាំដើមឈើនិងស្មៅ នៅណុចពុះកណ្តាលទ្រូងផ្លូវនៃ ផ្លូវជាតិលេខ៥ ចាប់ពីខេត្តបន្ទាយមានជ័យ មកខេត្តបាត់ដំបង បាននិងកំពុងតែដាំជាបន្តបន្ទាប់នោះ ។
សូមបញ្ជាក់ថា៖ ការចុះមកកាន់ខេត្តបាត់ដំនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ គឺធ្វើឡើង បន្ទាប៉ពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យមើលផ្លូវវាងក្រុងនៅខេត្តបន្ទាយមានជ័យ រួមទាំងការដាំដើមឈើលម្អនៅចន្លោះទ្រូងផ្លូវពុះកណ្តាល និងបន្ទាប់ពីចុះពិនិត្យមើលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងអគាររដ្ឋបាលនៅច្រកទ្វារព្រំដែន (ស្ទឹងបត់-បាណនអៀន)ដែលកំពុងតែអនុវត្តគំរោងនិងសម្រេច ប្រមាណជាង ២១% នោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )















