ប្រធានគ.ជ.បថ្មី៖ ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនឹងនាំឱ្យមានជំនឿទុកចិត្តពីម្ចាស់ឆ្នោត
រាជធានីភ្នំពេញ៖ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅថា គ.ជ.បថ្មី បានបញ្ជាក់ថាដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្ត ពីម្ចាស់ឆ្នោត មន្ត្រីបោះឆ្នោតទាំងអស់ត្រូវតែគោរព និងអនុវត្តឱ្យខាងតែបាននូវច្បាប់បោះឆ្នោត បទបញ្ញ និង នីតិវិធី ក្រមសីលធម៌ ដែលមានជាធរមាន ។
នៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន គ.ជ.ប ថ្មី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងថា “ ក្នុងនាមជាប្រធាន គ.ជ.ប ដែលទើបទទួល បាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្ដេជ្ញាថា រូបខ្ញុំ រួមជាមួយនឹងឯកឧត្តមអនុប្រធាន សមាជិក គ.ជ.ប ទាំងអស់ ព្រមទាំងមន្ត្រីក្រោមឱវាទ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំ ចាត់ចែង និង គ្រប់គ្រងស្ថាប័ន គ.ជ.ប រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាម ច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ និងម្ចាស់ឆ្នោត” ។
ឯកឧត្តមបានបន្តថាចាប់តាំងពី ឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្នកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងចំនួន ១៦ លើក រួចមកហើយ។ ការបោះឆ្នោតទាំងអស់ ទាំងសកល និងអសកល សុទ្ធតែបានប្រព្រឹត្តទៅយ៉ាងទៀងទាត់ ស្របតាមការ កំណត់នៃច្បាប់ និងត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិ វាយតម្លៃថា បានរៀបចំធ្វើដោយរលូន ប្រកបដោយ សន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស។
សម្រាប់ដំណាក់កាលចំពោះមុខ ចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ តាមច្បាប់បោះឆ្នោត គ.ជ.ប នឹងត្រូវរៀបចំការបោះឆ្នោតចំនួន ៤ គឺ៖
-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
-ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤
-ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
ជាមួយគ្នានេះផងដែរ គជប បាននិងកំពុងរៀបចំការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុម ប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលទើបបង្កើតថ្មី ហើយតាមគម្រោង នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ គ.ជ.ប ក៏គ្រោងនឹងរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ពី ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ត្រូវបន្តកិច្ចសហការជាមួយ គ.ជ.ប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់ន ច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានា ដែលបានដាក់ចេញជាធរមាន រួមចំណែកលើក កម្ពស់ការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងប្រធាន គ.ជ.ប ថ្មី នៅថ្ងៃនេះ មានការអញ្ជើញជា អធិបតីពីសំណាក់ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអនុប្រធាន គ.ជ.ប ឯកឧត្តម ពីចម្ងាយតាមវីដេអូសន្និសីទ សរុបប្រមាណ ១០០ នាក់ ៕ដោយ៖ម៉ាដេប៉ូ

