ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សន្យានឹងបន្តជួយឧបត្ថម្ភ វិស័យជលផល នៅកម្ពុជា (មានវីដេអូ)
Video https://fb.watch/6sJM01XtAB/
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធានដឹកនាំកិច្ចប្រជុំដ៏មានសារសំខាន់ពាក់ព័ន្ធ នឹងការតាមដាននិងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយក្នុងវិស័យជលផល និងវឌ្ឍនភាពឆ្ពោះទៅសម្រេចសមិទ្ធផលពីការគាំទ្រថវិកាទទួលពីគម្រោងស្តីពី ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកនេសាទ និងផ្នែកវារីវប្បកម្ម CAPFISH Programme។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ដៃគូអភិវឌ្ឍ នាយកអង្គការ FAO, AFD, UNESCO and UNIDO តាមប្រព័ន្ធ Zoom។
កម្មវត្ថុនៃកិច្ចប្រជុំដែលភាគីទាំងពីរលើកយកមកពិនិត្យ ពិភាក្សា និងវាយតម្លៃគឺវឌ្ឍនភាពនៃការអនុវត្តកម្មវិធីចំនួនពីរគឺ៖
១- កម្មវិធីស្តីពី “ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែក នេសាទ (Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector: Capture Component ហៅកាត់ថា CAPFISH-Capture)។
២- និងកម្មវិធីស្តីពី “ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្ម (Programme for Sustainable and Inclusive Growth in the Fisheries Sector: Aquaculture component ហៅកាត់ថា CaPFish Aquaculture)។
ឯកឧត្តមរដ្ឋមន្ត្រីបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ឯកឧត្តម លោក លោកស្រីដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត និងមន្រ្តីរដ្ឋបាលជលផលទាំងអស់ បើទោះបីយើងស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានខិតខំអនុវត្តកម្មវិធីទាំងពីរខាងលើសម្រេចទទួលបានលទ្ធផលគួរជាទីមោទនៈ។ កិច្ចប្រជុំពិភាក្សានាពេលនេះ គឺជាមានបំណងពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យលើលទ្ធផលដែលបានសម្រេច កំណត់ចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗថែមទៀតសម្រាប់អនុវត្តបន្ត ។
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានធ្វើការវាយតម្លៃចំពោះកិច្ចប្រជុំនាពេលនេះមានសារសំខាន់ ព្រោះជាឱកាសល្អមួយដែលភាគីទាំងពីរ និងអ្នកពាក់ព័ន្ធទាំងអស់បានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង Capfish Aquaculture និងលើកទិសដៅអនុវត្តបន្ត ដើម្បីឲ្យការអនុវត្តគម្រោងសម្រេចទទួលបានជោគជ័យដូចការគ្រោងទុក និងទទួលបានប្រយោជន៍សមស្របតាមអ្វីដែលវារីវប្បករចង់បានគឺ សេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង និងរក្សបាននូវធនធានធម្មជាតិប្រកបដោយចីរភាព និងបរិយាប័ន នៃវិស័យជលផលជារួម និងដោយឡែកអនុវិស័យវារីវប្បកម្ម។
លោកជំទាវបានសង្កត់ធ្ងន់ថា វិស័យវារីវប្បកម្មបាននិងកំពុងចូលរួមយ៉ាងសកម្ម និងចាំបាច់ក្នុងកំណើនសេដ្ឋកិច្ចជាតិ រក្សាបាននូវនិរន្តរភាពស្បៀង និងបង្កើនកម្រិតជីវភាព ក្នុងខណ:ស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ដូច្នេះ លោកជំទាវបានសន្យាថា នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យមួយនេះ ធ្វើយ៉ាងណាជំរុញកំណើនវិស័យជលផល ធានាបានសន្តិសុខស្បៀង ថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិទាំងទឹកសាប និងសមុទ្រប្រកបដោយចីរភាព៕







