ក្រសួងប្រៃសណីយ៍ប្រកាសដាក់លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១កក្កដា ឆ្នាំ២០២១ បានណែនាំឲ្យស្ថាប័នរដ្ឋ និងឯកជនធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩លើមន្ត្រី បុគ្គលិករបស់ខ្លួន ដើម្បីអាចទប់ស្កាត់ជំងឺកូវីដ១៩បានទាន់ពេលវេលា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជូនដំនឹងដល់ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។
ឧបករណ៍តេស្តរហ័សនោះ នឹងត្រូវគេលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។ ក្រសួងបានអំពាវនាវដល់ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើបុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍តេស្តរហ័សនេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ 123 / 067 818 782 / 017 848 108 / 077 867 957 នៅរៀងរាល់ម៉ោងធ្វើការ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញញជាក់ថា ក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័សនោះ។ សូមជម្រាបថា ការធ្វើតេស្ដរកមេរោគកូវីដ១៩នៅតាមមន្ទីរពេទ្យឯកជន ត្រូវគេឃើញថា មានតម្លៃចន្លោះពី២០ដុល្លារ រហូតដល់ជាង១០០ដុល្លារអាមេរិកឯណោះ ក្នុងការធ្វើតេស្ដ១ដង។
