អេស្ប៉ាញកត់ត្រាពីករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ក្នុងចំណោមមនុស្សវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារ
អេស្ប៉ាញ៖ អាជ្ញាធរ និងអ្នកជំនាញសុខភាពរបស់អេស្ប៉ាញបានជំរុញអោយមានការទទួលខុសត្រូវ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗស្ទុះងើបឡើងវិញ ក្នុងចំណោមមនុស្សវ័យក្មេងដែលមិនទាន់បានចាក់វ៉ាក់សាំងការពារនៅឡើយនោះ ។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញ លោក Carolina Darias បានគូសបញ្ជាក់ថា យើងស្ថិតនៅលើផ្លូវដែលជំងឺកូវីដ-១៩ជិតដល់ទីបញ្ចប់ហើយ តែយើងមិនអាចបញ្ចប់បាន… យើងទាំងអស់គ្នាត្រូវតែគោរពវិធានការការពារ ។ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញរូបនេះបានសង្កត់ធ្ងន់ថា កម្មវិធីចាក់វ៉ាក់សាំងនៅតែជាអាវុធដ៏មានឥទ្ធិពលបំផុត… ចំនួនករណីឆ្លងអាចថយចុះក្នុងចំណោមមនុស្សវ័យក្មេង នៅពេលណាដែលពួកគេបានចាក់វ៉ាក់សាំងរួចរាល់ ។
គួរកត់សម្គាល់ ទោះជាជាងមួយភាគបី នៃប្រជាជន៤៧លាននាក់របស់អេស្ប៉ាញបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញហើយក្តី ក៏ចំនួនឆ្លងថ្មីៗបាននិងកំពុងងើបឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេងដែលកំពុងរង់ចាំចាក់វ៉ាក់សាំងការពារ ៕ ប្រភព៖ The guardian

