អាជ្ញាធរសុខាភិបាលអាមេរិកជំរុញអោយប្រជាជនទៅចាក់វ៉ាក់សាំងបង្ការ ស្របពេលមានការរីករាលដាលខ្លាំងនៃវីរុសកូវីដ-១៩បម្លែងថ្មី (មានវីដេអូ)
អាមេរិក៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) បានធ្វើការអំពាវនាវដល់ប្រជាជនទូទៅ អោយទៅទទួលការចាក់វ៉ាក់សាំងការពារមេរោគ ដោយសារតែការលេចចេញជាថ្មីនៃជំងឺកូរ៉ូណា ជាពិសេសការរីករាលដាលនៃវីរុសកូវីដ១៩បម្លែងថ្មី Delta ដែលមានប្រភពដើមនៅប្រទេសឥណ្ឌា ។
អគ្គនាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) លោកស្រី Rochelle Walensky បានប្រាប់អោយដឹងនៅក្នុងសន្និសិទសារព័ត៌មានមួយថា ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងរហូតដល់១០ភាគរយកាលពីសប្តាហ៍កន្លងទៅ ដោយលោកស្រីបានព្រមានថា ការរីករាលដាលនៃវីរុសបម្លែងថ្មីអាចនឹងដឹកនាំការកើនឡើងករណីឆ្លងថ្មីៗ នៅក្នុងតំបន់ដែលមានអត្រាការវ៉ាក់សាំងបង្ការមានកម្រិតទាបនៅឡើយ ។
លោកស្រី Walensky បានគូសបញ្ជាក់ថា ទិន្នន័យបឋមបង្ហាញថា តួលេខ៩៩.៥ភាគរយនៃមនុស្សដែលបានស្លាប់ ដោយសារតែជំងឺកូវីដ១៩កាលពី០៦ខែមុននោះ គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ ។ លោកស្រីបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការដែលមាននៅទូទាំងប្រទេស ការរងទុក្ខវេទនា និងការបាត់បង់ យើងកំពុងមើលឃើញ គឺស្ទើរតែអាចជៀសវាងបាន ៕ ប្រភព៖ NHK


