ក្រសួងប្រៃសណីយ៍ជូនដំណឹងពីមេរោគចាប់ជំរិត (Ransomware)ប្រភេទថ្មីតាមអ៊ីនធឺណិតព្រមទាំងវិធានការការពារ

  រាជធានីភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ២០២១នេះបានជូនដំណឹងពីមេរោគចាប់ជំរិតមួយប្រភេទឈ្មោះ  (Ransomware) តាមអ៊ីនធឺណិតព្រមទាំងវិធានការការពារមេរោគប្រភេទនេះ។

       បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានការ កើនឡើងនូវការវាយប្រហារតាមអ៊ីនធឺណិតក្នុងទម្រង់ជាមេរោគចាប់ជំរិត ដែលមានគ្រោះថ្នាក់ខ្លាំងចំពោះស្ថាប័នរដ្ឋនិងឯកជន និងបុគ្គលម្នាក់ៗផងដែរ។ មេរោគប្រភេទនេះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ប្រតិបត្តិការប្រចាំថ្ងៃ ដែលបណ្តាលមកពី ទិន្នន័យប្រើប្រាស់ក្នុងដំណើរការប្រតិបត្តិការត្រូវបានធ្វើកូដនីយកម្ម (Encrypted) ដែលមិនអាចប្រើប្រាស់បាន។

ប្រភពដដែលនេះបានឱ្យដឹងបន្ថែមថា មេរោគ ប្រភេទនេះ អាចឆ្លងចូលប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ឬអង្គភាព តាមរយៈកត្តាមួយចំនួនដូចជា ១.ការប្រើប្រាស់សុសវរ មិនមានអាជ្ញាបណ្ណ ២.ការបើកឯកំសារភ្ជាប់មកជាមួយអីមែល ៣.ការមិនបានធ្វើបច្ចុប្បន្នភាពទៅលើសុសវែរ និងកម្មវិធី ប្រើប្រាស់ជាដើម។ អ្នកប្រើប្រាស់ត្រូវធ្វើការបង់ប្រាក់ក្នុងទម្រង់ជារូបិយបណ្ណឌីជីល (Digital Currency) ដែលភាគច្រើន គឺ BitCoin ដើម្បីទទួលបានឯកសារទាំងអស់នោះត្រលប់មកវិញ។ ចោរព័ត៌មានវិទ្យា ក៏ប្រើប្រាស់វិធីសាស្ត្រ ចាប់បង្ខំអ្នក ប្រើប្រាស់ឱ្យបង់ប្រាក់ឱ្យបានឆាប់ បើពុំនោះទេពួកចោរព័ត៌មានវិទ្យា នឹងបញ្ចេញឯកសារទាំងអស់ ដែលពួកគេបានលួច ដែល អាចធ្វើឱ្យប៉ះពាល់ ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ស្ថាប័ន និងទទួលរងនូវការពិន័យពីនិយ័តករផងដែរ។

         ក្រសួងប្រៃសណីយ៍បានធ្វើការណែនាំដល់សាធារណជនអំពីវិធានការការពារដូចខាងក្រោម៖ – ប្រើប្រាស់កម្មវិធីដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (License Software) ដោយជៀសវាងទាញយកកម្មវិធីតាមអ៊ីនធឺណិតដែលគ្មានប្រភពច្បាស់លាស់

 – ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ដែលអ្នកមាននៅក្នុង ឧបករណ៍ចល័តរបស់អ្នកឱ្យបានទៀងទាត់

– ដំឡើងកម្មវិធីកំចាត់ និងទប់ស្កាត់មេរោគ (Anti-virus) និងធ្វើបច្ចុប្បន្នភាពឱ្យបានជាប្រចាំ មិនត្រូវចុចទៅលើតំណភ្ជាប់ (Links) ឬបើកឯកសារ attachment ដែលមិនស្គាល់ប្រភពច្បាស់លាស់

– ធ្វើការថតចម្លងទុកឯកសារជាប្រចាំ (Regular Backup) និងបិទការតភ្ជាប់អ៊ីនធឺណិត (Offline)។ ប្រសិនបើលោកអ្នកក្លាយជាជនរងគ្រោះដោយសារបញ្ហាមេរោគចាប់ជំរិតនេះ សូមកុំបង់ប្រាក់ ពីព្រោះថាលោកអ្នក មិនប្រាកដថា នឹងទទួលបានឯកសារទាំងនោះមកវិញឡើយ។

         ក្រសួងបានបញ្ជាក់បន្ថែមថា ចំពោះព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគេហទំព័រ www.camcert.gov.kh ឬសុំជំនួយបច្ចេកទេសបន្ថែមលើ ករណ៏នេះ តាមរយៈអ៊ីមែល incident@camcert.gov.kh ឬទូរសព្ទលេខ ០១៦ ៨៥១ ៦៧៨៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner