ឥណ្ឌូនេស៊ីព្យាករថាករណីវិជ្ជមានកូវីដ១៩ នឹងបន្តកើនឡើង បើបីទោះជាមានការរឹតបន្តឹងក៏ដោយ
ហ៊ីម រដ្ឋា
ឥណ្ឌូនេស៊ីព្យាករថាករណីវិជ្ជមាននៃជំងឺកូវីដ១៩ នៅក្នុងប្រទេសខ្លួន នៅតែបន្តកើនឡើងតទៅទៀតនៅរយៈពេល ២សប្ដាហ៍ខាងមុខនេះបើបីទោះជាមានការរឹតបន្តឹងក៏ដោយ នេះបើតាមការលើកឡើងរបស់លោក Luhut Pandjaitan រដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
បម្រាមរដ្ឋបាលត្រូវបានដាក់ជាថ្មី ដើម្បីទប់ស្កាត់ចលនារបស់មនុស្ស ដោយមានការបិទភោជនីយដ្ឋាន និងសេវាកម្មមិនមានភាពចាំបាច់ រហូតដល់ថ្ងៃទី២០ ខែកក្កដា ជាមួយនឹងគោលដៅក្នុងការធ្វើឱ្យករណីប្រចាំថ្ងៃធ្លាក់ក្រោម ១ម៉ឺនករណី។ គោលដៅត្រួតពិនិត្យត្រូវបានរៀបចំនៅរាប់រយកន្លែង និងកម្លាំងនគរបាលប្រមាណ ២ម៉ឺនត្រូវបានពង្រាយក្នុងការអនុវត្តវិធានការនេះ។
ឥណ្ឌូនេស៊ីមានករណីវិជ្ជមានថ្មីឡើងច្រើនជាង ២ ម៉ឺនក្នុងមួយថ្ងៃៗចាប់តាំងពីចុងខែមិថុនាមក។ មានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថាវីរុសកូរ៉ូណាបម្លែងដែលតា ដែលឆ្លងដំបូងពីឥណ្ឌា ជាមូលហេតុក្នុងការបង្កើនការចម្លងនៅឥណ្ឌូនេស៊ី។
ខណៈតម្រូវការថ្នាំពេទ្យ និងអុកស៊ីហ្សែនកើនហួសកម្រិត ចំពេលដែលមនុស្សជាច្រើនព្យាបាលនៅក្នុងផ្ទះ ធ្វើឲ្យមានការបំប៉ោងតម្លៃនៅតាមឱសថស្ថាន និងការលក់តាមប្រព័ន្ធអ៊ីនធឺណេត។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីក៏បានកំណត់តម្លៃនូវថ្នាំមួយចំនួន ដើម្បីទប់ស្កាត់ការឡើងថ្លៃហួសប្រមាណ។
អាជ្ញាធរចាប់ផ្ដើមពន្លឿនការចាក់វ៉ាក់សាំងនៅតាមតំបន់ប៉ះពាល់ខ្លាំង តែមកទល់ពេលនេះចាក់បានត្រឹមតែ ៧% នៃចំនួនគ្រោង ១៨១លាននាក់ប៉ុណ្ណោះ៕
ប្រភព៖
Indonesia expects COVID-19 cases to rise despite stricter curbs



