ក្រុមហ៊ុនឥណ្ឌា Bharat Biotech ៖ វ៉ាក់សាំងពួកគេមានប្រសិទ្ធភាព ដល់ទៅ៩៣,៤% ប្រឆាំងនឹងករណី កូវីដ១៩ ធ្ងន់ធ្ងរ
មឹង ច័ន្ទសុម៉ានីតា
ក្រុមហ៊ុនឱសថឥណ្ឌា Bharat Biotech បានអោយដឹងកាលពីថ្ងៃសៅរ៍នេះថាការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងរបស់ពួកគេបានបង្ហាញថាមានប្រសិទ្ធភាពដល់ទៅ ៩៣,៤%ក្នុងការពារអ្នកជំងឺពីករណីកូវីដ១៩ធ្ងន់ធ្ងរ។
ទិន្នន័យនេះក៏បានបង្ហាញពី លទ្ធភាពក្នុងការការពារដល់ទៅ ៦៥,២% ប្រឆាំងនឹង វីរុសកូរ៉ូណាបម្លែងដែលតា ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយនាំឱ្យមានការកើនឡើងនៃអត្រាការឆ្លងនិងការស្លាប់ខ្ពស់ជាងគេក្នុងពិភពលោក កាលពីខែមេសា និងឧសភា។
កាលពីខែមុន ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca Plc ក៏បាននិយាយផងដែរថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹងបម្លែងដែលតា និង កាប់ប៉ាផងដែរ។ ឥណ្ឌាបានគ្រប់គ្រងការផលិត និងចែកចាយផ្នែកដ៏ធំមួយនៃវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងស្រុកដោយ វិទ្យាស្ថានសេរ៉ូមឥណ្ឌា។ កាលពីខែមុនវិទ្យាស្ថានសេរ៉ូមបាននិយាយថា ខ្លួនគ្រោងនឹងបង្កើនផលិតកម្មប្រចាំខែចាប់ពីខែកក្កដាឲ្យបានរហូតដល់ជិត ១០០ លានដូស។ Bharat Biotech បានប៉ាន់ស្មានថា ខ្លួនអាចនឹងផលិតបាន ២៣ លានដូសក្នុងមួយខែ។
ប្រទេសឥណ្ឌាដែលមានករណីឆ្លងចំនួនសរុប ៣០.៤៥ លាននាក់គឺជាប្រទេសមានអ្នកឆ្លងច្រើនជាងគេទី ២ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងសរុបចំនួន ៣៣ លាននាក់។

ប្រភព៖
India’s Bharat Biotech says vaccine 93.4% effective against severe COVID-19