អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានជំរុញដល់រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបំផុសពីការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលតាមភូមិឋាន និងត្រូវចូលរួមក្នុងការប្រើប្រាស់បង្គន់អនាម័យ
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តកម្មវិធីអប់រំភាពជាអ្នកដឹកនាំ ឆ្នាំ២០២០ លើការងារទឹកស្អាត សុខភាព និងអនាម័យ ដែលរៀបចំដោយអាជ្ញាធរខេត្តបាត់ដំបង និងសហការជាមួយអង្គការ វ័តធើសេដ នៅព្រឹកថ្ងៃទី៥ខែមិនា ឆ្នាំ២០២០ថ្មីៗនេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា៖ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់វេញនូវវិធានទិសដៅលើការងារបង្គន់អនាម័យ គឺនៅឆ្នាំ២០២៣ខាងមុខ នៅគ្រប់ខេត្ត-រាជធានី ត្រូវមាន《បង្គន់អនាម័យ》ឲ្យបាន ៩០ភាគរយនិងនៅឆ្នាំ២០២៥ត្រូវសម្រេចឲ្យមានបង្គន់អនាម័យគ្រប់គ្រួសារនិងផ្ទះ១០០ភាគរយ ។

ឯកឧត្តមអភិបាលរងខេត្តបានថ្លែងទៀតថា៖ ដើម្បីឲ្យសម្រេចនៅគោលដៅទាំងនេះ រដ្ឋបាលគ្រប់ថ្នាក់នៅក្នុងមូលដ្ឋាននៅខេត្តបាត់ដំបង ត្រូវតែជំរុញ និងមានវិធានការ ក្នុងអនុវត្តឲ្យបាន នៅក្នុងឆ្នាំ២០២០នេះ នូវគម្រោងធ្វើយុទ្ធនាការរបស់ខ្លួនឲ្យបានគ្រប់ស្រុក ពិសេសគឺចុះធ្វើនៅតាមភូមិ-ឃុំ របស់ដែនសមត្ថកិច្ចខ្លួនទទួលខុសត្រូវនិងត្រូវចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋរបស់ខ្លួន ត្រូវចេះប្រើប្រាស់បង្គន់អនាម័យ ដើម្បីចៀសវាងការឆ្លងនូវជំងឺតម្កាត់ផ្សេងៗ ដោយសារ តែការបន្ទោរបង់ពាសវាលពាស់កាលដោយគ្មានសណ្តាប់ធ្នាប់ និងគ្មានអនាម័យពាសវាលពាសកាល នោះទេ។

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តកម្មវិធីអប់រំភាពជាអ្នកដឹកនាំ ឆ្នាំ២០២០ លើការងារទឹកស្អាត សុខភាព និងអនាម័យ នៅខេត្តបាត់ដំបង នេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន៎ ដើម្បីជំរុញដល់អាជ្ញាជរពាក៎ព័ន្ធជាពិសេសដល់មន្ត្រីអនុវត្តនឹងទទួលខុសត្រូវគម្រោងផែនការសកម្មភាពនេះដើម្បីជំរុញឲ្យកាន់តែសកម្មថែមទៀតត្រូវបំផុសធ្វើយុទ្ធនាការផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបដល់ប្រជា
ពលរដ្ឋខ្លួននិងនៅតាមខ្នងផ្ទះ ពីការលុបបំបាត់នូវការបន្ទោបង់ ពាស់វាលពាស់កាល តាមទីសាធារណៈ ក្នុងខណៈដែលការបន្ទោរបង់មិនបានត្រឹមត្រូវ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅក្នុងខេត្តនៅតែបន្តកើតមាននោះ។

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងក្នុងនាមអាជ្ញាធរខេត្ត បានផ្តល់ការណែនាំនិងបានជំរុញដល់អាជ្ញាធរពាក់ព័ន្ធនិងកំពុងអនុវត្តផែនការនេះ ត្រូវបង្កើនភាពសកម្មរបស់ខ្លួន ពេលចេញពីប្រជុំត្រឡប់ទៅកាន់មូលដ្ឋានវិញត្រូវរៀបចំផែនការចុះអនុវត្តផ្ទាល់។ត្រូវបោះបង់ពីរបៀបធ្វើការងារដែលកន្លងមកសង្កេតឃើញថា៖ ផែនការការងារដាក់ចេញក្នុងពេលប្រជុំ តែពេលត្រឡប់ទៅមូល ដ្ឋានខ្លួនវិញ មន្ត្រីអសកម្មមួយចំនួន មិនបានយកស្មារតីផែនការប្រជុំទៅអនុវត្តនិងធ្វើផែនការសកម្មភាព ចុះអនុវត្តនៅមូលដ្ឋានខ្លួនឲ្យបានត្រឹមត្រូវ និងសកម្មនោះទេ។

ឯកឧត្តម ក៏បានក្រើនរំលឹកនិងជម្រុញ ឲ្យមន្រ្តីបង្គោល និងអាជ្ញាធរពាក់ព័ន្ធដែលចូលរួមនៅក្នុងសិក្ខាសាលានេះ ត្រូវបន្តយកចិត្តទុកដាក់ នៅឆ្នាំ២០២០នេះតាមបណ្ដាក្រុង-ស្រុកទូទាំ
ងខេត្តបាត់ដំបង គ្រោងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយលុបបំបាត់ពីការបន្ទោបង់ពាស់វាលពាស់កាល ដល់ពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ ងាកមកប្រើប្រាស់បង្គន់អនាម័យឲ្យបានគ្រប់ផ្ទះ ចៀសវាងការឆ្លងជំងឺផ្សេងៗដោយសារបញ្ហាកង្វះអនាម័យនេះ និងការបោះបង់ចោល នូវទម្លាប់មិនល្អ ពីការបន្ទោរបង់ដោយពាសវាលពាលកាលកន្លងមក។

គួររំលឹកថា៖ ពាក់ព័ន្ធនឹងបញ្ហាផែនការប្រើប្រាស់《បង្គន់អនាម័យ》នេះមានខេត្តចំនួន៥ គឺខេត្តស្វាយរៀង, ព្រៃវែង, កំពង់ស្ពឺ, កែប និងខេត្តកំពង់ឆ្នាំង ដែលបានប្ដេជ្ញាថា៖ នឹងធ្វើឲ្យផែនការនេះបានសម្រេច ១០០ភាគរយ នៅឆ្នាំ២០២៣ខាងមុខដោយមិនអូសបន្លាយដល់ឆ្នាំ២០២៥នោះទេ ៕ធ.ដ
ដោយ៖ អ៊ុក សំអាន