កសិករម្នាក់បង្ហាញពីភាពវិជ្ជមានក្នុងការចិញ្ចឹមគោសាច់ ជាលក្ខណៈគ្រួសារ ពីគោ១០ក្បាលកើនជិត ១ពាន់ក្បាលហើយត្រូវបាននាំចេញទៅកាន់ទីផ្សារជាបន្តបន្ទាប់ ក្នុងរយៈពេលតែជាង១ឆ្នាំប៉ុណ្ណោះ
លោក ធី សារ៉ាវុធ ជាកសិករចិញ្ចឹមគោម្នាក់រស់នៅក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានបង្ហាញពីបទពិសោធន៍ជាវិជ្ជមាននៅក្នុងការសាកល្បងចាប់យកមុខរបរចិញ្ចឹមគោលក្ខណៈគ្រួសារដើម្បីលក់សាច់ ដែលពីមុននេះ ខ្លួនមានគោតែ១០ក្បាលប៉ុណ្ណោះ រហូតដល់ចិញ្ចឹមគោសាច់ មានការកើនឡើងជាបន្តបន្ទាប់រហូតជិត១ពាន់ក្បាល។ លោក សារ៉ាវុធ ក៏បានឲ្យ
ដឹងផងដែរថាប្រភេទគោដែលខ្លួនបានចិញ្ចឹមនេះ គឺជាប្រភេទគោ ស្គមអន់ៗ ដែលម្ចាស់ចិញ្ចឹមថែទាំមិនបានដិតដល់។ ហើយគោទាំងនោះ ជាប្រភេទគោក្នុងស្រុក ទីញពីបណ្តាស្រុកនិងខេត្តផ្សេងៗ។

ដោយបង្ហាញពីភាពជោគជ័យ ក្នុងការចិញ្ចឹមរបស់ខ្លួនក្នុងការចិញ្ចឹមសាកល្បងបែបជាលក្ខណៈគ្រួសារហើយក៏ត្រូវរៀនបច្ចេកទេសនិងស្វែងយល់
បន្ថែមក្នុងការចិញ្ចឹមផងនោះ បានធ្វើឲ្យការចិញ្ចឹមចេះតែទទួលបាន នូវ លទ្ធផលល្អ ជាបន្តបន្ទាប។មកដល់បច្ចុប្បន្ន កសិកររូបនេះ មានគោប្រមាណជាង ៧០០ក្បាល នៅក្នុងក្រោលកសិដ្ឋានក្បែរផ្ទះរបស់ខ្លួនក្នុងភូមិឃុំខាងលើ។ ហើយក្នុងពេលថ្មីៗនេះគោសាច់របស់លោក ត្រូវបានលក់ចេញប្រមាណជាង២០០ក្បាល ទៅឲ្យម៉ួយមកពីបណ្តាខេត្តនានា។ ចំពោះប្រភេទគោឈ្មោលខ្លះ ត្រូវបានគេទិញយកទៅកាន់ប្រទេសវៀតណាម ផងដែរ។

កសិកររូបនេះបានឲ្យដឹងទៀតថា៖ ការចិញ្ចឹមគោសាច់របស់ខ្លួន គឺធ្វើឡើងដោយភាពអត់ធ្មត់ប្រឹងប្រែងម៉ត់ចត់និងការស្វែងយល់ចំណេះដឹង ក្នុងការរៀនសូត្រពីជំនាញនិងបទពិសោធន៍។ទើបធ្វើឲ្យមុខរបរខ្លួនមួយនេះ ទទួលនូវជោគជ័យជាបន្តបន្ទាប់ក្នុងការនាំចេញគោសាច់ទៅកាន់ទីផ្សារនិងផ្គត់ផ្គង់ទីផ្សារបានរាប់ពាន់ក្បាល ក្នុងរយៈពេលតែជាង១ឆ្នាំប៉ុណ្ណោះ។

លោក ធី សារ៉ាវុធ ក៏បានគូសបញ្ជាក់ពីរបៀបប្រមូលទិញគោយកមកចិញ្ចឹម ថែទាំ និង បំប៉នចំណី ពីរបៀបធ្វើចំណីគោ ការប្រមូលរក្សាទុកចំបើង ធ្វើផ្អកចំណីគោជាដើម។ ក្នុងនោះគោ១ក្បាលត្រូវស៊ីចំណីក្នុង១ថ្ងៃៗស្មើនិង១០គីឡូក្រាមដែលមានចំណីសម្រេច៥០%និងស្មៅចំប៉ើង ឬក៏ផ្អកចំបើង (ចំបើង ពោតក្រហម និងដំឡូមី) ប្រមាណ៥០%។ ទើបជួយកាត់បន្ថយពីការចំណាយនូវថ្លៃដើមបានច្រើន។ដោយក្នុងគោ១ក្បាល យើងចំណាយតែ ៦ពាន់ទៅ៧ពាន់រៀលតែប៉ុណ្ណោះ សម្រាប់ចំណីគោប្រចាំថ្ងៃ។

ដោយប្រែក្លាយពីការចិញ្ចឹមគោយកសាច់ និង គួបផ្សំពីជោគជ័យនិងភាពវិជ្ជមាននៅលើទីផ្សារផងនោះ។ម្ចាស់ក្រោលគោរូបនេះ បាននិងកំពុងពង្រីកមុខរបរខ្លួន ឲ្យទៅជាក្រោលកសិដ្ឋានចិញ្ចឹមគោសាច់ បែបសាមញ្ញ។ ដោយបានជួលដីស្រែ ចម្ការរបស់អ្នកភូមិនៅក្បែរៗនេះ ធ្វើជាកសិដ្ឋានក្រោលចិញ្ចឹមគោ។លោក ធី សារ៉ាវុធ ជាម្ចាស់កសិដ្ឋានក៏ បានឲ្យដឹងទៀតថាតាមរយៈទុនខ្លួននៅមានកម្រឹតក្នុងការពង្រីកក្រោលគោបានសមល្មម ក្នុងនោះកសិដ្ឋានរបស់លោកបានរួមចំណែកនូវក្នុងការស្រូបទាញយកកម្លាំងពលកម្មបងប្អូនអ្នកភូមិនៅក្បែរៗទីនេះ ឲ្យមកជួយធ្វើកិច្ចការប្រចាំថ្ងៃក្នុងកសិដ្ឋានខ្លួនតាមរយៈផ្តល់ប្រាក់កម្រៃប្រាក់ខែសមល្មមនិងអាចបញ្ចៀសបានពីការធ្វើចំណាកស្រុកទៅប្រទេសជិតខាង បានប្រមាណជាង៣០នាក់។ ហើយបងប្អូនទាំងនេះ បានបំពេញការងារខ្លួន បានជាប់ជាប្រចាំទៅតាមការងារនៅក្នុងកសិដ្ឋានរៀងៗខ្លួន។

ក្នុងនោះដែរ លោកក៏កំពុងតែព្យាយាមជួលដីអ្នកភូមិឬទិញដី ដើម្បីធ្វើការពង្រីកនូវទីតាំងកសិដ្ឋាននេះដោយគ្រោងនឹងពង្រីកការចិញ្ចឹមគោប្រមាណជាង៣ពាន់ក្បាលនៅឆ្នាំ២០២០ និង ឆ្នាំ២០២១ ការចិញ្ចឹមគោសាច់ អាចនិងកើនដល់ជាង ១ម៉ឺនក្បាល។

ហើយគោដែលកសិដ្ឋាន កំពុងតែចិញ្ចឹមនេះគឺមាន៣ប្រភេទ៖ ប្រភេទគោខ្មែរ គោប្រាម៉ាន់និងគោឆាឡេ។ហើយគោដែលត្រូវប្រមូលទិញចូលកសិដ្ឋាន គឺ៖ ជាប្រភេទគោស្គមៗ ដើម្បីយកមកថែបំប៉នពិនិត្យសុខភាពនិងបំប៉នចំណីឡើងវិញ តែក្នុងរយៈពេល២ខែ អាចលក់ចេញ ទៅកាន់ទីផ្សារនានាក្នុងខេត្ត និងបណ្ដាខេត្តមួយចំនួនផងដែរ។ដោយឡែក “គោឈ្មោល មានម៉ូយទិញយកទៅប្រទេសវៀតណាម។ ក្នុងគោសាច់១ក្បាលៗគឺអាចលក់និងរកប្រាក់កម្រៃចំណេញពី៣០ទៅ៤០ម៉ឺនរៀលក្នុងមួយក្បាលៗ។

ដោយបង្ហាញពីភាពវិជ្ជមានល្អក្នុងវិស័យមុខរបរប្រចាំថ្ងៃ ជាពិសេសភាពជោគជ័យពីការនាំចេញគោសាច់ ដើម្បីទៅកាន់ទីផ្សារផងនោះ។ លោក ធី សារ៉ាវុធ បានលើកឡើងឲ្យដឹងបន្ថែមថា៖បច្ចុប្បន្ននេះ លោកកំពុងតែដំណើរការសុំច្បាប់ទៅស្ថាប័នក្រសួងជំនាញនិងអាជ្ញាធរពាក់ព័ន្ធដើម្បីសុំច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ដោយមានឈ្មោះថា៖ក្រុមហ៊ុន អាស៊ីន (Anshin) ។

មកដល់ពេលនេះកសិដ្ឋានចិញ្ចឹមគោនេះបានបង្កើតការងារដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះប្រមាណ៣០នាក់រួចហើយ និងមានការងារធ្វើដោយទទួលប្រាក់ខែក្នុងម្នាក់ចាប់ពី៨០ម៉ឺនរៀល ទៅជាង១លានរៀលថែមទាំងមានប្រាក់កំរៃបន្ថែមម៉ោង តាមរយៈការប្រមូលកើប”លាមកគោ” ដើម្បីលក់យកកម្រៃ។ ហើយតម្លៃលាមកគោ ក្នុងមួយតោន ២០ម៉ឺនរៀល។ហើយនៅឆ្នាំ២០២១ខាងមុខនេះ ម្ចាស់កសិដ្ឋានចិញ្ចឹមគោ គ្រោងបង្កើនការចិញ្ចឹមរហូតដល់ទៅជាង១ម៉ឺនក្បាលផងនោះ ក្នុងនោះកសិដ្ឋានក្រុមហ៊ុន អានស៊ីន(Anshin) ដែលមានទីតាំងស្ថិត ក្នុងភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង អាចនិងផ្ដល់ការងារដល់បងប្អូនប្រជាកសិករនៅក្បែរៗនោះ អាចនិងកើនឡើងកម្មករ ប្រមាណ៣០០នាក់ថែមទៀត៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )



