ឯកឧត្តមនេត្រ ភក្រ្តា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់ធនាគារ ជីប ម៉ុង ជាធនាគារដំបូងគេដែលបានចូលរួមក្នុងកិច្ចគាំពារ និងការអនុវត្តមេត្រីភាពបរិស្ថានបានល្អ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់ធនាគារ ជីប ម៉ុង ជាធនាគារដំបូងគេដែលបានចូលរួមក្នុងកិច្ចគាំពារ និងការអនុវត្តមេត្រីភាពបរិស្ថានបានល្អ ដែលពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ធនាគារ មន្រ្តីបុគ្គលិកជាច្រើននាក់ នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ នៅស្នាក់ការធនាគារជីប ម៉ុង តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ការទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះពិតជាធ្វើឲ្យលោក និងសហការី ធនាគារ ជីប ម៉ុង ទាំងអស់មានសេចក្តីរំភើប និងសប្បាយរីករាយ ដែលធនាគារនេះទទួលបានការកោតសរសើរពីក្រសួងបរិស្ថាន ហើយសមិទ្ធផលមួយនេះបានពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសហការីទាំងអស់គ្នា។

លោកឧកញ៉ា បានបន្តទៀតថា ធនាគារ ជីប ម៉ុង បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបែបឌីជីថល តាមឧស្សាហកម្ម ៤.០ ដែលធ្វើការតាមប្រព័ន្ធអេឡិចត្រូនិច សន្សំសម្ចៃការប្រើប្រាស់ក្រដាស ដែលចូលរួមការពារបរិស្ថាន កាត់បន្ថយការកាប់ព្រៃឈើ និងកាត់បន្ថយការរំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ជាមួយនឹងការរៀបចំការិយាល័យប្រកបដោយផាសុកភាព និងមានអនាម័យខ្ពស់សម្រាប់បុគ្គលិក ព្រមទំាងការចូលរួមអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ។

ក្នុងឱកាសនោះ ឯកឧត្តមនេត្រ ភក្រ្តា បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះធនាគារ ជីបម៉ុង ដែលបានចូលរួមក្នុងកិច្ចគាំពារ និងការអនុវត្តមេត្រីភាពបរិស្ថានបានល្អ ផ្សារភ្ជាប់ជាមួយការវិនិយោគរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយបានយកចិត្តទុកដាក់ពីបញ្ហាអនាម័យបរិស្ថានជាចំបង កាត់បន្ថយការបំពុលក្នុងបរិស្ថាន …សម្លេងដើម… ឯកឧត្តមនេត្រ ភក្រ្តា បញ្ជាក់ថា កត្តាដែលធនាគារសេស៊ីលីដា ទទួលបាននូវប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាននាពេលនេះគឺដោយសារធនាគារ អនុវត្តនូវគោលការដូចខាងក្រោម ៖
–  បញ្ជ្រាបនូវគោលការណ៍ហិរញ្ញវត្ថុដោយចីរភាព តាមរយៈការលើកទឹកចិត្តអោយអតិថិជនមានការវិនិយោគលើផលិតផល ឬសេវាកម្មបៃតង និងប្រើប្រាស់បច្ចេកទេសទ្រទ្រង់បរិស្ថាន រួមទាំងគិតគូរទៅលើឥរិយាបទអាជីវកម្មរបស់ខ្លួនលើការប្រែប្រួលអាកាសធាតុ ។
–  ការប្រើប្រាស់បច្ចេកវិទ្យាទ្រទ្រង់បរិស្ថាន ពិសេសកាត់បន្ថយការប្រើប្រាស់ក្រដាសនៅក្នុងការិយាល័យ ដោយរាល់ទិន្នន័យរបស់អតិថិជន និងឯកសារផ្សេងៗត្រូវបានចែករំលែកនិងរក្សាទុក ក្នុងប្រព័ន្ធបច្ចេកវិទ្យាជំនួសឱ្យការព្រីនចេញ និងរក្សាទុកជាក្រដាសក្នុងទូឯកសារ ។
–  មានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពបុគ្គលិក ដោយមានបន្ទប់សម្រាកសម្រាប់អ្នកមានបញ្ហាសុខភាព កន្លែងសម្រាប់ស្រ្តីមានផ្ទៃពោះ និងស្រ្តីត្រូវការមើលថែនិងបំបៅដោះកូន មានបន្ទប់សម្រាកបុគ្គលិកប្រតិបត្តិលើជំនឿសាសនា សម្រាកពិសារអាហារនិងសម្ភារៈផ្ទះសម្រាប់ប្រើប្រាស់ ពិសេសជម្រុញឱ្យបុគ្គលិកប្រើប្រាស់ដបទឹក ដោយកាត់បន្ថយនូវការប្រើប្រាស់កែវទឹកជាប្លាស្ទីក ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តអោយក្រុមហ៊ុនឯកជនទាំងអស់ និងប្រជាពលរដ្ឋ ធ្វើយ៉ាងណារួមសហការគ្នា ចូលរួមចំណែកក្នុងការគាំពារបរិស្ថានជាមួយសកលលោក គិតគូរបញ្ហអនាម័យបរិស្ថានជាចំបង ពិសេសដើម្បីឱ្យកម្ពុជាស្អាត មានអនាម័យល្អ គ្មានការបំពុលដោយសំណល់ប្លាស្ទីក ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner