តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងជាង២.៧០០ករណីនៅប្រទេសអ៊ីតាលី ក្នុងនោះមានអ្នកជម្ងឺ១០៧នាក់បាត់បង់ជីវិត
អ៊ីតាលី៖ ស្ថាប័នការពារជនស៊ីវិលអ៊ីតាលីនៅថ្ងៃទី០៤ ខែមិនា (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា ចំនួនសរុបនៃអ្នកដែលត្រូវបានគេធ្វើតេស្តវិជ្ជមាន ចំពោះការឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលីបានបន្តកើនឡើងដល់២.៧០៦ករណី បើធៀបនឹងចំនួនពីមុនមានត្រឹមតែ២.២៦៣ករណីប៉ុណ្ណោះ ដែលគិតត្រឹមល្ងាចថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ ។

ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីស៊ីប៉េ កង់តេ និងរដ្ឋមន្រ្តីក្រសួងអប់រំអ៊ីតាលីលោកស្រី លូស៊ៀ អាហ្សូលីណា ប្រកាសក្នុងសន្និសិទកាសែតរួមគ្នាមួយនារសៀលថ្ងៃទី០៤ ខែមិនាថា សាលារៀន និង សាកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស នឹងត្រូវបិទជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី១៥ ខែមីនាខាងមុខនេះ ។

បើតាមប្រភពពីមន្ត្រីអ៊ីតាលីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ការបិទសាលារៀន និងសាកលវិទ្យាល័យ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែមិនានេះតទៅ ហើយការបង្រៀនតាមប្រព័ន្ធអ៊ីនធើណិតនឹងចាប់ផ្ដើមនៅថ្ងៃទី០៦ ខែមិនា ប៉ុន្តែមិនទាន់មានការប្រកាសជាផ្លូវការណាមួយនៅឡើយទេ ។ ចំណាត់ការបែបនេះរបស់រដ្ឋាភិបាលអ៊ីតាលី ត្រូវបានធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងវាយលុកខ្លាំងលើតំបន់ភាគខាងជើងនៃប្រទេស ៕ធ.ដ
