តួលេខសរុបនៃអ្នកបាត់បង់ជីវិតដោយសារ COVID-19 កើនដល់៣៥នាក់នៅកូរ៉េខាងត្បូង ខណៈអ្នកឆ្លងកើនដល់៥.៧៦៦ករណី
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ ករណីឆ្លងថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី០៥ ខែមិនានេះ មានចំនួន៤៣៨ករណី ក្នុងនោះ៣២០ករណីរកឃើញនៅទីក្រុងដេគូ និង ៨៧ករណីទៀតនៅខេត្តគ្យុងសាងខាងជើង ដែលតំបន់ទាំងពីរនេះ ស្ថិតនៅភាគអាគ្នេយ៍ប្រទេស និងមានចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល ។

ទន្ទឹមគ្នា រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ថ្មីនៅថ្ងៃដដែលនេះ ដោយបង្ហាញពីចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងដល់៥.៧៦៦ករណី ខណៈអ្នកជំងឺសរុប៣៥នាក់បានបាត់បង់ជីវិត ដែលភាគច្រើនជាមនុស្សមានវ័យចាស់ជរា ។

រហូតមកទល់នឹងពេលនេះ អាជ្ញាធរសុខាភិបាល និង មន្ត្រីពាក់ព័ន្ធរបស់កូរ៉េខាងត្បូងកំពុងតែឈានទៅដល់ការធ្វើតេស្តប្រជាជនទូទៅនៅក្នុងទីក្រុង ដេគូ តែម្តង ដោយសារតែពេលនេះ វីរុស COVID-19 បានបង្ហាញសញ្ញារាតត្បាតឥតឈប់ឈរឡើយនៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ ៕ធ.ដ
