ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំថា ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយទេ
សៀមរាប៖ នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០ នៅក្នុងសាលមហោស្រពអាណាចក្រអង្គរខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំថា ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយទេ ហេីយអភិបាលខេត្តបានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការរួចជាស្រេចផងដែរ។ ថ្មីៗនេះ ការផ្សព្វផ្សាយជុំវិញព័ត៌មានថា ចំពោះជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្លងកាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានគូសបញ្ជាក់ទៀតថា ជនជាតិជប៉ុនរូបនេះគឺគាត់ជាអ្នករស់នៅនិងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកំសាន្តលក្ខណៈ ទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19នោះឡើយ។

ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថាក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការ ថាជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ ឯកឧត្តម អភិបាល ខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំង សហការជាមួយក្រសួងសុខាភិបាលដាក់ចេញនូវ វិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។ ដូចនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសូមមេត្តាជ្រាបជាព័ត៌មាន នឹងរង់ចាំការផ្សព្វផ្សាយជាផ្លូវការអំពីករណីនេះខាងភាគីជប៉ុន ក៏ដូចជាក្រសួងសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ធ.ដ
ដោយ ស៊ាន សុផាត


