ករណីកូវីដ-១៩ អាហ្រ្វិកខាងត្បូងហក់ឡើងដល់កំណត់ត្រាថ្មី ដោយមានអ្នកឆ្លងជាង ២៦ ០០០ ករណីប្រចាំថ្ងៃ
ហួន ឌីណា
ចូហានណេសប៊ឺក៖ កំណត់ត្រាថ្មីនៃការឆ្លងកូវីដ-១៩ នៅអាហ្រ្វិកខាងត្បូង បានហក់ឡើងដល់ជាង ២៦ ០០០ ករណីកាលពីថ្ងៃសៅរ៍ ខណៈដែលរលកទី ៣ នៃការរាតត្បាតកំពុងតែវាយប្រហារលើប្រជាជនមួយភាគធំដែលមិនទាន់បានទទួលវ៉ាក់សាំង។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ការកើននៃករណីឆ្លងនេះ បានដាក់បន្ទុកបន្ថែមទៀតដល់អាហ្វ្រិកខាងត្បូង ជាពិសេសខាងផ្នែកសេវាសុខាភិបាល បង្ខំឱ្យរដ្ឋាភិបាលដាក់វិធានការបិទខ្ទប់សារជាថ្មីលើផ្នែកមួយចំនួននៃប្រទេស។
ទិន្នន័យពីនាយកដ្ឋានសុខាភិបាលបានបង្ហាញថា មកទល់ពេលនេះ អាហ្វ្រិកខាងត្បូងមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ២ លានករណី និងស្លាប់ជាង ៦,១៥ ម៉ឺនករណី ហើយប្រជាជនជាង ៣,៣ លាននាក់បានទទួលវ៉ាក់សាំង ដែលតួរលេខនេះស្មើនឹង ៥ ភាគរយប៉ុណ្ណេះនៃចំនួនប្រជាជនសរុបរបស់ប្រទេស។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានរិះគន់លើអ្វីដែលលោកបានហៅថា «ការរើសអើងវ៉ាក់សាំង» ដោយប្រទេសអ្នកមានទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងច្រើន ខណៈដែលប្រទេសអ្នកក្រត្រូវតែរងចាំ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ បានអនុម័តវ៉ាក់សាំង Sinovac របស់ចិន ក្រោយមើលឃើញពីប្រសិទ្ធិភាពរបស់វាពីការប្រឆាំងនឹងជំងឺកូវីដ-១៩។
ប្រភព៖
1. South Africa hits a new record with 26,000 daily COVID-19 cases https://www.reuters.com/world/africa/south-africa-hits-new-record-with-26000-daily-covid-19-cases-2021-07-03/

