នារីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែឈើត្រូវបានជនសង្ស័យឆក់ការបូបមិនបានសម្រេច បណ្ដាលឲ្យដួលរងរបួស
ភ្នំពេញ ៖ មានជនសង្ស័យ២នាក់ជិះម៉ូតូនិចមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូចេញពីផ្ទះទៅទិញផ្លែឈើមិនបានសម្រេច បណ្ដាលឲ្យដួលម៉ូតូរងរបួសរលាត់ ដៃជើង ចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង៥និង៤០នាទីព្រឹកព្រលឹមថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចជិតស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ស្រី ម៉ៅ ភេទស្រីអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើនៅផ្សារបុរីចំការដូង ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដោយជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1P.8373ជិះតែម្នាក់ឯង។ចំណែកជនសង្ស័យជិះម៉ូតូម៉ាកនិច មិនចាំពណ៌មិនចាំស្លាកលេខជិះឌុបគ្នា២នាក់បានបើករត់បាត់។
តាមប្រភពពីនារីរងគ្រោះបានឲ្យដឹងថាមុន ពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកគុបជ្រុង
ចេញពីផ្ទះជិតផ្សារចំការដូង ក្នុងគោលបំណងទៅទិញផ្លែឈើនៅផ្សារនាគមាសដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចមិនចាំស្លាកលេខជិះមកពីក្រោយធ្វើសកម្មភាពឆក់ការបូបតែមិនបានសម្រេច បណ្ដាលឲ្យគាត់ដួលរងរបួសរលាត់ដៃជើងហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនដោយ សុវត្តិភាព។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុដោយសារជនរងគ្រោះមិនបាត់បង់ទ្រព្យសម្បត្តិ ក៏ទាក់ទងទៅក្រុមគ្រួសារ មកយកទៅមន្ទីពេទ្យដេីម្បីលាងរបួស ៕ ដោយ ៖ ជីម ភារ៉ា



