លោក ដូណាល់ ត្រាំ ធ្វើកិច្ចពិភាក្សាជាមួយមេដឹកនាំក្រុមតាលីបង់ ចំពេលជម្លោះដោះដួរអ្នកទោសគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាពអាហ្វហ្គានីស្ថាន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយគ្នាទូរស័ព្ទជាមួយប្រធានដឹកនាំកិច្ចចរចានៃក្រុមតាលីបង់លោក ម៊ូឡា បារ៉ាដា អាហាន់ នៅថ្ងៃទី០៣ ខែមិនានេះ (ម៉ោងក្នុងតំបន់) ដោយលោក ត្រាំ ផ្ទាល់បានហៅការសន្ទនាគ្នានេះថា ជាការជជែកគ្នាដ៏ល្អមួយ ។ ការពិភាក្សាគ្នាលើកដំបូងរវាងមេដឹកនាំសហរដ្ឋអាមេរិក និង តំណាងកំពូលនៃក្រុមតាលីបង់ខាងលើនេះ បានកើតមានឡើងចំពេលដែលជម្លោះដោះដូរអ្នកទោស បាននឹងកំពុងបង្កការគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយអាមេរិក ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាន ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង ក្រុមតាលីបង់បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងបើកផ្លូវឆ្ពោះទៅរកសន្តិភាពបញ្ចប់សង្រ្គាមដ៏រុំារ៉ៃនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជាង១៨ឆ្នាំមកនេះ ។ កិច្ចព្រមព្រៀងសន្តិភាពខាងលើ ត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី២៨ ខែកុម្ភៈ ក្រោមវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងមេដឹកនាំក្រុមតាលីបង់ ។

ហើយការដោះលែងអ្នកទោសតាលីបង់ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្ដិភាពលក្ខណៈប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយនឹងក្រុមតាលីបង់ ។ ប៉ុន្តែប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាស់ ហ្គានី បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនមានការប្តេជ្ញាថា នឹងដោះលែងអ្នកទោសតាលីបង់ចំនួន៥ពាន់នាក់នោះទេ ខណៈក្រុមតាលីបង់អះ អាងដែរថា នឹងលុបចោលផ្នែកខ្លះនៃកិច្ចព្រមព្រៀង ដរាបណាអ្នកទោសខ្លួនត្រូវបានដោះលែង ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner