ស៊ី ជីនភីង ប្រឆាំងដាច់ខាតនឹងសកម្មភាពឯកតោភាគីនិយម ក្រោមស្លាកពហុភាគីនិយម
លោក ស៊ី ជីនភីង ប្រធានាធិបតីចិន និងអគ្គលេខាធិការគណបក្សកុម្មុយនិស្តចិនបានថ្លែងកាលពីរាត្រីថ្ងៃអង្គារថា សកម្មភាពឯកតោភាគីនិយម ក្រោមស្លាកពហុភាគីនិយម ត្រូវតែប្រឆាំងដាច់ខាត នេះបើតាមការលើកឡើងរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលគណបក្សនយោបាយពិភពលោក ដែលមានការចូលរួមពីសំណាក់គណបក្សនយោបាយចំនួន ៥០០ បក្សមកពី ១៦០ ប្រទេស។

«ទាំងអស់គ្នា យើងត្រូវតែប្រឆាំងនឹងសកម្មភាពឯកតោភាគីនិយមទាំងឡាយ ដែលប្រព្រឹត្តិទៅនៅក្នុងនាមជាពហុភាគីនិយម»។ លោក ស៊ី បាននិយាយបែបនេះ ហើយបានបន្ថែមថា «មើលពីជ្រុង ‘ប្រទេសយើងមុន’ ពិភពលោកតូចចង្អៀតណាស់ ហើយពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងក្ដៅគគុក»។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឲ្យមានការកសាង «សហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ» ដែលជាសហគមន៍ផ្ដួចផ្ដើមឡើងដោយចិន អមជាមួយនឹងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ហើយព្រមទាំងច្រានចោលនូវគំនិត «បិទខ្ទប់បច្ចេកវិទ្យា» និង «អភិវឌ្ឍន៍ដោយផ្ដាច់ចេញពីគ្នា»៕ ហ៊ីម រដ្ឋា
