រុស្ស៊ីឃុំខ្លួនមន្រ្តីកុងស៊ុលអេស្តូនី បន្ទាប់ពីចោទប្រកាន់ថាបានទទួលព័ត៌មានសម្ងាត់ពីពលរដ្ឋរុស្ស៊ីម្នាក់
មន្ត្រីភ្នាក់ងារចារកម្មរុស្ស៊ីបាននិយាយថា ខ្លួនបានឃុំមន្រ្តីកុងស៊ុលរបស់អេស្តូនីប្រចាំក្រុង St. Petersburg លោក Mart Latte កាលពីថ្ងៃអង្គារទី ០៦ កក្កដា បន្ទាប់ពីសេវាកម្មសន្តិសុខសហព័ន្ធរុស្សីបានចោទប្រកាន់ប្រេសិតរូបនេះ ថាបានទទួលព័ត៌មានសង្ងាត់ពីជនជាតិរុស្ស៊ីម្នាក់។

សេវាកម្មពិសេសនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax ថា៖ «សកម្មភាពនេះមិនត្រូវគ្នានឹងស្ថានភាពបុគ្គលិកការទូត និងមានលក្ខណៈអរិភាពយ៉ាងច្បាស់ចំពោះសហព័ន្ធរុស្ស៊ី។ វិធានការនានានឹងត្រូវអនុវត្តចំពោះអ្នកការទូតបរទេស ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ»។
អ្នកនាំពាក្យក្រសួងការបរទេសអេស្តូនីបាននិយាយថា ការចាប់ខ្លួននេះបានបង្ហាញជាថ្មីម្តងទៀតថា រុស្ស៊ីកំពុងជ្រើសរើសការប្រឈមមុខដាក់គ្នាជាមួយបណ្តារដ្ឋសហភាពអឺរ៉ុប ជំនួសឱ្យការបញ្ចៀសនិន្នាការអវិជ្ជមាននៅក្នុងទំនាក់ទំនងរបស់ខ្លួន។
ប្រទេសអេស្តូនី ដែលជាអតីតសាធារណរដ្ឋសូវៀត និងបច្ចុប្បន្នជាសមាជិកនៃសហគមន៍អឺរ៉ុប និងអង្គការណាតូ តែងតែបញ្ចេញមតិរិះគន់ចាស់ដៃទៅលើក្រុងមូស្គូ។
កាលពីខែមេសានេះ ទីភ្ញាក់ងារសន្តិសុខសហព័ន្ធរុស្សីក៏បានឃុំខ្លួនអ្នកការទូតអ៊ុយក្រែនប្រចាំក្រុង St. Petersburg លោក Alexander Sosonyuk ដោយចោទប្រកាន់ថាលោកបានទទួលព័ត៌មានរសើបពីជនជាតិរុស្ស៊ីម្នាក់។ ក្រោយមកអ្នកការទូតរូបនេះ ត្រូវបានគេបណ្តេញចេញពីប្រទេស ប៉ុន្តែជាការវាយបក រដ្ឋាភិបាលក្រុងគីវបានបណ្ដេញចេញអ្នកការទូតរុស្ស៊ីម្នាក់ទៅវិញដូចគ្នា។ ហួន ឌីណា