រុស្ស៊ី​គាំទ្រ​មូលមតិ​អាស៊ាន​លើ​វិបត្តិ​មីយ៉ាន់ម៉ា ហើយ​ប្រឆាំង​ដាច់ខាត​នឹង​ការ​ដាក់​ទណ្ឌកម្ម​

ហ៊ីម រដ្ឋា

រុស្ស៊ី​នៅ​តែ​បង្ហាញ​ពី​គោល​ជំហរ​ក្នុង​ការ​គាំទ្រ​ ចំណុច​មូលមតិ​ទាំង​៥ របស់​អាស៊ាន​ក្នុង​ការ​នៅ​ដោះស្រាយ​វិបត្តិ​ប្រទេស​មីយ៉ាន់ម៉ា​ និង​ធ្វើ​ឲ្យ​ស្ថានភាព​ប្រក្រតី​ឡើង​វិញ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Sergey Lavrov រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ធ្វើ​ឡើង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​​​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា​។

លោក Lavrov បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​។ លោក​បាន​ចូល​ជួប​ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ Hassanal Bolkiah ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ២០២១ ហើយ​ក្រោយ​មក​បាន​បន្ត​ដំណើរ​ទៅ​ឥណ្ឌូនេស៊ី រួច​ទៅ​ឡាវ​មុន​នឹង​ត្រលប់​មក​រុស្ស៊ី​វិញ​។ ទស្សនកិច្ច​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​ពង្រឹង​វត្តមាន​របស់​រុស្ស៊ី​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ក្នុង​សន្និសីទ​កាសែត​រួម​គ្នា ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​លោក​ស្រី Retno Marsudi បាន​ស្នើ​ឱ្យ​រុស្ស៊ី​ជួយ​គាំទ្រ​អាស៊ាន​ក្នុង​អនុវត្ត​ចំណុច​មូលមតិ​ទាំង​ ៥ ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​កាល​ពី​ខែ​មេសា​។ លោកស្រី​បាន​សង្កត់​ធ្ងន់​ថា ការ​អនុវត្ត​គោលការណ៍​នេះ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​យោធា​មីយ៉ាន់ម៉ា​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ាន​ទាំង​អស់។

ចំណែក​លោក Larov វិញ​បាន​លើកឡើង​ក្នុង​សន្និសីទ​នោះ​ថា រុស្ស៊ី​បន្ត​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​គោលការណ៍​របស់​អាស៊ាន។ លោក​បាន​លើកឡើង​ថា «ជាមួយ​នឹង​ទំនាក់ទំនង​របស់​យើង [រុស្ស៊ី] និង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា យើង​លើក​កម្ពស់​គោលជំហរ​របស់​អាស៊ាន ដែល​ក្នុង​ទស្សនៈ​របស់​យើង​យល់​ថា គោលការណ៍​នេះ​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា និង​នាំ​យក​ភាព​ប្រក្រតី​មក​កាន់​ប្រទេស​នេះ​វិញ»។

នៅ​អំឡុងពេល​​ទស្សនកិច្ច​ទៅ​ឥណ្ឌូនេស៊ី លោក Larov ក៏​បាន​ធ្វើ​ជា​សហប្រធាន​ជាមួយ​លោកស្រី Marsudi ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-រុស្ស៊ី​ផង​ដែរ។ ប៉ុន្តែ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សហប្រធាន​អង្គ​ប្រជុំ បាន​បង្ហាញ​ថា​បញ្ហា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​មិន​ត្រូវ​ពិភាក្សា​ទេ​។

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ប្រមុខ​យោធា​មីយ៉ាន់ម៉ា​ លោក មីន អ៊ុងឡាំង​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ី។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នោះ​ លោក​បាន​ចូល​រួម​ក្នុង​សន្និសីទ​សន្តិសុខ​អន្តរជាតិ​មូស្គូ ហើយ​ព្រម​ទាំង​បាន​ចូល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី ដែល​ស្ថិត​ក្រោម​អំណាច​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លាឌីមៀរ ពូទីន រួម​បន្ថែម​ប្រធាន​ក្រុមហ៊ុន​លក់​អាវុធ​រុស្ស៊ី Rosoboronexport។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ធ្វើ​ឲ្យ​មាន​មតិ​មួយ​ចំនួន​យល់​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​គាំទ្រ​យោធា​មីយ៉ាន់ម៉ា​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ក្រោយ​ពី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD)។ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​ច្រាន​ចោល​នឹង​ការ​យល់​ឃើញ​បែប​នេះ។

លោក​បាន​លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​យល់​ឃើញ​បែប​នេះ​ជា​ ការ​បក​ប្រែ​ខុស​ពី​ជំហរ​ផ្លូវការ​របស់​រុស្ស៊ី។

លោក​ Lavrovបាន​និយាយ​ថា៖​ «រុស្ស៊ី​កំពុង​តែ​ផ្ដល់​ការ​គាំទ្រ​ដោយ​ប្រយោល​ចំពោះ​តួនាទី​នាំ​មុខ​របស់​អាស៊ាន​ទៅ​លើ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា។ ជំហរ​របស់​រុស្ស៊ី​មាន​ភាព​ស្រប​គ្នា​នឹង​ ចំណុច​មូលមតិ​ទាំង ៥ ​របស់​អាស៊ាន… យើង​គាំទ្រ​ចេញ​ពី​ចិត្ត​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ពី​សំណាក់​គ្រប់​ភាគី​ជម្លោះ​ទាំង​អស់ ហើយ​ឈាន​ទៅ​រក​កិច្ច​សន្ទនា​បែប​ស្ថាបនា​រវាង​ភាគី​ទាំង​នោះ​ ដើម្បី​ស្វែងរក​ស្ថិរភាព និង​សន្តិភាព​ស៊ីវិល»។

លើស​ពី​នេះ​ទៅ​ទៀត​ លោក​ក៏​បាន​គូស​បញ្ជាក់​ថា​អាស៊ាន និង​រុស្ស៊ី​មាន​ជំហរ​ដូច​គ្នា​ក្នុង​ការ​បដិសេធ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ឯកតោភាគី​ ព្រម​ទាំង​ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃ​ក្នុង​មីយ៉ាន់ម៉ា។

លោក Lavrov បាន​និយាយ​ថា​៖ «យើង​បាន​យល់​ស្រប​គ្នា​ថា គោលនយោបាយ​ទាំង​នោះ [សំដៅ​លើ​ការ​ដាក់​ទណ្ឌកម្ម] មាន​តែ​នាំ​ឱ្យ​សង្គម​កាន់​តែ​បែកបាក់ ហើយ​បង្កើត​ភាព​ខុស​គ្នា​កាន់​តែ​ខ្លាំង»។

លោក​ក៏​សម្ដែង​ពី​ការ​ប្រឆាំង​ចំពោះ​រដ្ឋ​មួយ​ចំនួន ដែល​ប្រើប្រាស់​វេទិកា​ពហុភាគី​រួម​មាន​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ក​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា ក្នុង​អំឡុង​ពេល​ពិភាក្សា​ពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា។

ចំណុច​មូលមតិ​ទាំង​ ៥ របស់​អាស៊ាន​ចំពោះ​ស្ថានភាព​មីយ៉ាន់ម៉ា​រួមមាន​៖ បញ្ឈប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ អំពាវនាវ​ឱ្យ​ភាគី​ទាំង​អស់​ធ្វើ​ការ​ចរចា បង្កើត​ឲ្យ​មាន​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​មីយ៉ាន់ម៉ា និង​ការ​តែងតាំង​ឱ្យ​មាន​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្របសម្រួល​ការ​ចរចា​នយោបាយ​ក្នុង​ប្រទេស​នេះ។

យ៉ាងណាមិញ​ជាង ២ខែ​ក្រោយ​ពី​កិច្ចប្រជុំ​អាស៊ាន​អនុម័ត​លើ​គោលការណ៍​នេះ គេ​មិន​ទាន់​សង្កេត​ឃើញ​មាន​ការ​តែងតាំង​ប្រេសិត​ពិសេស​នោះ​ ខណៈ​ឯ​ការ​អនុវត្ត​គោលការណ៍​នេះ​ហាក់​បី​ដូច​ជា​មិន​ទៅ​មុខ​នោះ​ដែរ។

លោក មីន អ៊ុងឡាំង​ធ្លាប់​បាន​និយាយ​កាល​ពី​ខែ​មេសា ក្រោយ​ពី​ចុះ​យន្តហោះ​ពី​រដ្ឋធានី​ហ្សាការតា​ មក​រដ្ឋធានី​ណៃពិដោ​ថា គោលការណ៍​នេះ​អាច​អនុវត្ត​ទៅ​បាន​ លុះ​ត្រា​តែ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ មាន​ស្ថិរភាព​សិន។

បន្ត​បន្ទាប់​មក​ទៀត​ មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក៏​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​ពាក់ព័ន្ធ​នឹង​មីយ៉ាន់ម៉ា​ផង​ដែរ។ ក្រៅ​ពី​ភាសា​អំពាវនាវ​ឱ្យ​មាន​ការ​ចរចា និង​បញ្ឈប់​អំពើ​ហិង្សា ឯកសារ​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​បញ្ឈប់​មិន​ឱ្យ​ជួញ​ដូរ​អាវុធ​ទៅ​កាន់​មីយ៉ាន់ម៉ា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​សម្រេច​នេះ​មាន​ត្រឹម​តែ​និមិត្តរូប​ប៉ុណ្ណោះ មិន​មាន​ឥទ្ធិពល​ជា​ច្បាប់​នោះ​ទេ៕

ប្រភព៖

Russia backs ASEAN consensus on Myanmar crisis

https://www.aljazeera.com/news/2021/7/6/russia-backs-asean-consensus-on-myanmar-crisis

Co-Chairs’ Statement of the Special ASEAN-Russia Foreign Ministers’

Meeting https://asean.org/storage/AMS-Consolidated-Input-Draft-Co-Chairs-Statement-of-the-SARFMM-FINAL-1.pdf

Foreign Minister Sergey Lavrov’s statement at a joint news conference following talks with Foreign Minister of the Republic of Indonesia Retno Marsudi, Jakarta, July 6, 2021

https://www.mid.ru/en/foreign_policy/news/-/asset_publisher/cKNonkJE02Bw/content/id/4808208

Foreign Minister Sergey Lavrov’s interview with Indonesian newspaper Rakyat Merdeka, Moscow, July 6, 2021

https://www.mid.ru/en/foreign_policy/news/-/asset_publisher/cKNonkJE02Bw/content/id/4808183

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner