ម្តាយសកម្មជនក្រុមប្រឆាំង ហេង ណុប ហៅបាលី បង្ហាញភស្តុតាងសំបុត្រកំណើតដើម្បីដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយកូនប្រកាសមិនស្គាល់ម្តាយ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកស្រី ស៊ូ សូរី ដែលជាមេភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលជាម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញវីដេអូមួយទៀតដែលជាការបង្ហាញភស្តុតាងកាន់តែច្បាស់ (សំបុត្រកំណើត និងរូបថត) ដើម្បីដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយពេលដែលសកម្មជនក្រុមប្រឆាំងនេះប្រកាសមិនទទួលស្គាល់ម្តាយ។

សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី គឺជាអ្នកបង្កើតពាក្យចចាមអារ៉ាមថា «សម្តេចតេជោហ៊ុន សែន ទទួលមរណភាព» បន្ទាប់ពីទទួលភាពល្បីល្បាញដោយសារការជេរប្រមាថ តាមបណ្តាញសង្គម។ ស្រ្តីរូបនេះអះអាងថា ខ្លួនរស់នៅប្រទេសបារាំង ហើយមានស្វាមីជនជនបរទេសផងដែរ។

កាលពីម្សិលមិញ លោកស្រី ស៊ូ សូរី បានចេញមុខសុំអភ័យទោសសម្តេចតេជោ ហ៊ុន សែន ជាសាធារណៈជំនួសកូនស្រី។ ក្នុងវិដេអូ សុំអភ័យទោសនេះ លោកស្រី ស៊ូ សូរី ដែលជាម្តាយរបស់ស្រ្តីឈ្មោះ ហេង ណុប ជាសកម្មជនក្រុមប្រឆាំងនៅក្រៅប្រទេស បានអះអាងថា កូនស្រីរបស់លោកស្រី មិនសូវជាដឹងខុសត្រូវនោះទេ។

លោកស្រីបានពន្យល់ទៅកាន់កូនស្រីថា ការរស់រានមានជីវិតរបស់នាងសព្វថ្ងៃនេះ ក៏ដោយសារតែគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។ លោកស្រីបានរំលឹកអំពីគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិមាតុភូមិ ដែលនាំមកនូវភាពសុខសន្តិភាពដល់សព្វថ្ងៃ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner