លោក ​ស៊ី​ ជីនពីង​ បញ្ជាក់ថា ចិន​នឹង​បង្ហាញ​ផ្លូវ​ថ្មី​មួយ​សម្រាប់​អនាគត​ដ៏​ទំនើប​ដល់​ពិភពលោក​

មឹង​ ច័ន្ទ​សុម៉ា​នីតា​

នៅ​ថ្ងៃ​អង្គារ ទី​៦ កក្កដានេះ​ ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជីនពីង​ ​ប្រាប់​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នយោបាយ​អន្តរជាតិ​​ ថា​ការ​ធ្វើ​ទំនើបកម្ម​របស់​ចិន​ដល់​​សព្វថ្ងៃ​បាន​បង្ហាញ​ប្រព័ន្ធ​អភិបាលកិច្ច​របស់​ខ្លួន​ជា​ជម្រើស​មួយ​ដែល​អាច​ជំនួស​ប្រព័ន្ធ​របស់​លោក​ខាង​លិច​ ហើយ​ទីក្រុង​ប៉េកាំង​ពេញ​ចិត្ត​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត។​

លោក​ ស៊ី​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​គណបក្ស​នយោបាយ​ពិភព​លោក​ តាម​រយៈ​ទំនាក់ទំនង​វីដេអូ​ពី​ទីក្រុង​ប៉េកាំង​​ថា៖ «ប្រវត្តិសាស្ត្រ​និង​ការអនុវត្ត​ បាន​បង្ហាញ​ឱ្យ​ឃើញ ហើយ​នឹង​បន្ត​បង្ហាញ​បន្ថែម​ទៀត​ ថា​មាគ៌ា​នេះ ​[ដែល​អនុវត្ត​ដោយ​ប្រទេស​ចិន​] គឺ​ជា​ផ្លូវ​ត្រឹមត្រូវ​ …ហើយ​យើង​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​លើ​ផ្លូវ​ដ៏​ភ្លឺ​ស្វាង​នេះ ​ទាំង​សម្រាប់​ខ្លួន​យើង​[ប្រទេសចិន​] និង​សម្រាប់​ប្រយោជន៍​ពិភពលោក​ផង​ដែរ​»។

លោក​បាន​បន្ថែម​ទៀត​ថា​ «វា​មិន​មាន​គំរូ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​ដែល​សមស្រប​នៅ​គ្រប់​កាលៈទេសៈ​ទេ ហើយ​ប្រទេស​នីមួយៗ ត្រូវតែ​ស្វែងរក​អ្វី​ដែល​ឬ ល្អ​បំផុត​សម្រាប់​ពួកគេ»។

លោក ស៊ី​ បាន​មាន​ប្រសាសន៍​បន្ត​ថា​គណបក្ស​កុម្មុយនិស្ត​ចិន​តែងតែ​ មាន​ឆន្ទៈ​ធ្វើការ​ផ្លាស់​ប្តូរ​និង​ចែក​រំលែក​បទពិសោធន៍​ ជាមួយ​គណបក្ស​នយោបាយ​នៃ​បណ្ដា​ប្រទេស​ដទៃ​លើ​ពិភពលោក ដើម្បី​​រួម​ដៃ​គ្នា​ធ្វើ​អំពើ​កាន់​តែ​ល្អ​សម្រាប់​ ប្រជាជន​ចិន​និង​ ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​។

ការ​អត្ថាធិប្បាយ​របស់​លោក​ ស៊ី​បាន​ធ្វើ​ឡើង​ជិត​មួយ​សប្ដាហ៍​ បន្ទាប់​ពី​ការ​ប្រារព្ធ​ខួប​ទី១០០​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន​ ដែល​មាន​លោក​ ស៊ី​ផ្ទាល់​ជា​អគ្គ​លេខាធិការ​បក្ស​ផង​ដែរ​ ហើយ​ក្នុង​ពិធី​នោះ​លោក​បាន​សម្ដែង​ការ​ប្ដេជ្ញា​ថា​នឹង​ដឹកនាំ​ប្រទេស​ឱ្យ​សម្រេច​ក្ដី​សុបិន​ជាតិ​ឱ្យ​បាន។

កាល​ពី​ថ្ងៃ​ចន្ទ​ ប្រធានាធិបតី​ចិន​រូប​ក៏​បាន​ធ្វើការ​ពិភាក្សា​តាម​សន្និសីទ​វីដេអូ​ ជាមួយ​ អធិការបតី​អាល្លឺម៉ង់​ លោកស្រី​ អេនជេឡា​ មឺគែល​ និង​ប្រធានាធិបតី​បារាំង​ លោក​ អេម៉ានុយអែល​ ម៉ាក្រុង​។ ក្នុង​ឱកាស​នោះ​ លោក​ ស៊ី​បាន​សម្ដែង​ក្ដី​សង្ឃឹម​ថា សហភាព​អឺរ៉ុប​នឹង​ដើរ​តួនាទី​ កាន់​តែ​សកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​កិច្ចការ​អន្តរជាតិ​ ការ​ទទួល​យក​ស្វ័យភាព​យុទ្ធសាស្ត្រ​ និង​ការ​រួម​គ្នា​ថែ​រក្សា​សន្តិភាព​ពិភព​លោក។​ ។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ កាល​ពី​ថ្ងៃ​អង្គារ​ លោក​ ស៊ី​ក៏​បាន​ឆ្លៀត​រិះគន់​សហរដ្ឋអាមេរិក​ផង​ដែរ ដោយ​លោក​បាន​និយាយ​ថា​គ្នា​ប្រទេស​ណាមួយ​អាច​កំណត់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ផ្សេង​ទេ ​ហើយ​ប្រទេស​នីមួយៗ​គួរ​តែ​មាន​សិទ្ធិ​និង​ស្វ័យភាព​ជ្រើសរើស​ដំណោះស្រាយ​ដោយ​ខ្លួនឯង​។

លោក​ ស៊ី​ បាន​និយាយ​ថា​៖ «មាគ៌ា​ឆ្ពោះ​ ទៅ​រក​សុភមង្គល​អាច​មាន​ភាព​ខុសគ្នា​ ហើយ​ប្រជាជន​ប្រទេស​នីមួយ​ៗ​ គួរ​តែ​ជ្រើសរើស​វិធី​នៃ​ការ​អភិវឌ្ឍន៍​ទាំង​ប្រព័ន្ធ​ និង​គំរូ​»។​

ដោយ​មិន​និយាយ​ឈ្មោះ​សហរដ្ឋអាមេរិក​ ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ និង​នីតិបុគ្គល​ចិន​លើ​បញ្ហា​ផ្សេង​ៗ​ដូចជា​បញ្ហា​ជនជាតិ​អ៊ុយហ្គ័រ​នៅ​តំបន់​ស៊ីនជាំង​ បញ្ហា​ហុងកុង​ជាដើម​ លោក​ស៊ី​ បាន​រិះគន់​កា​រប៉ុនប៉ង​ របស់​នរណាម្នាក់​ដើម្បី​បង្កើត​ការ​រារាំង​បច្ចេកវិទ្យា​ គម្លាត​វិទ្យាសាស្ត្រ​ ឬ​ការ​ឈាន​ទៅ​រក​កាត់​ផ្ដាច់​ការ​អភិវឌ្ឍន៍​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ ស៊ី​ បាន​សង្កត់​ធ្ងន់​ថា​ ការ​ធ្វើ​ទំនើបកម្ម​របស់​ចិន​បាន​ទទួល​ជោគជ័យ​ខ្ពស់​ក្នុង​ការ​បញ្ចប់​ ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​ និង​បាន​ផ្ដល់​កម្លាំង​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ ហើយ​លោក​ស៊ី​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ទីក្រុង​ប៉េកាំង​នឹង​ឈរ​ជា​មួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជានិច្ច​។

ប្រភព៖

China shows world an alternative path to modern future, Xi Jinping says

https://www.scmp.com/news/china/diplomacy/article/3140079/china-shows-world-alternative-path-modern-future-xi-jinping?module=lead_hero_story_2&pgtype=homepage

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner