បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលេងរួច បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១កង់ ហើយកល់រថយន្តបង្កជាប់ទៅមុខលេងរួច កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី៣ ខែមីនាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៦១៤ (ទល់មុខផ្សារទួលគោក) ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កម៉ាក់ តូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AC-4668 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកក្បាលនាគទ្រូងពុះចែកផ្លូវបណ្ដាលឲ្យបាក់ចំនួន១កង់ ហើយកល់រថយន្តបង្កជាប់និងរបាំងថ្មទៅមុខលេងរួច ដោយរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពុំបង្កឲ្យនរណាម្នាក់រងរបួសនោះឡើយ។ មួយសន្ទុះក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ជើងគោក មកធ្វើការវាស់វែងនឹងស្ទួចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ធ.ដ
