ឯកឧត្តម អ៊ាង សុផល្លែត អញ្ជើញជួបសំណេះសំណាល និងផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សសាលាបឋមសិក្សាសម្តេចហ៊ុនសែន ពើក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
ភ្នំពេញ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្សសាលាបឋមសិក្សាសម្តេចហ៊ុនសែន ពើក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ។

លោកឡាង ឆៃលាង នាយកសាលាបឋមសិក្សាសម្តេចហ៊ុនសែន ពើក បានឱ្យដឹងថា អាគារសាលាត្រូវបានសាងសង់ថ្មីឡើង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី នូវអាគារមួយខ្នងមាន៦បន្ទប់ តាមរយៈកងវិស្វកម្មសម្តេចតេជោ ហ៊ុនសែន ដែលមាន៣បន្ទប់សម្រាប់ថ្នាក់រៀន ១បន្ទប់សម្រាប់បណ្ណាល័យ ១បន្ទប់សម្រាប់ទីចាត់ការ និង១បន្ទប់ទៀតសម្រាប់ជាឃ្លាំងរបស់សាលា ។ សាលាបឋមសិក្សាសម្តេចហ៊ុនសែន ពើក មានលោកគ្រូអ្នកគ្រូចំនួន៤នាក់ និងសិក្សានុសិស្សចំនួន១២៨នាក់ មានស្រីចំនួន៦០នាក់ មានចំនួន៤ថ្នាក់ចាប់ពីថ្នាក់ដំបូងដល់ថ្នាក់ទី១ ដល់ទី៦ មានន័យថា១បន្ទប់ដាក់២ថ្នាក់រួមបញ្ចូលគ្នា បង្រៀនតែ១វេន ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍សម្តែងនូវក្តីសប្បាយរីករាយដែលបានមកជួបប្រជាពលរដ្ឋ និងក្មួយសិស្សានុសិស្សនៅទីនេះ និងបានបង្ហាញពីភាពស្និតស្នាលរវាងគ្នានឹងគ្នាជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបណ្តុះបណ្តាលនិងបង្ហាត់បង្រៀនក្មួយៗសិស្សានុសិស្ស ដើម្បីឆ្ពោះទៅរកអនាគតភ្លឺស្វាង ព្រោះថាសាលារៀនគឺជាថ្នាលកសាងនូវចំណេះដឹង ជំនាញដល់ក្មួយៗ ។

ឯកឧត្តម អ៊ាង សុផល្លែត ក៏បានសង្កត់ធ្ងន់ថា សន្តិភាព ការរួបរួមសាគ្គីភាពគ្នាគឺនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ឋនៅទូទាំងប្រទេស ក្នុងនោះស្រុកអូររាំងឪយើងក៏បាននឹងកំពុងប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័សផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យលោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ និងក្មួយសិស្សានុសិស្សប្រកាន់ភ្ជាប់នូវការចូលរួមគ្នា ក្នុងការថែរក្សានូវអនាម័យបរិស្ថាននៅក្នុងមូលដ្ឋានរស់នៅ និងនៅតាមសាលារៀនផងដែរ ដើម្បីបរិស្ថានស្អាតនិងមានសុខភាពល្អ និងជម្រុញឱ្យគណៈគ្រប់គ្រងសាលាធ្វើយ៉ាងណាប្រែក្លាយឱ្យទៅជាសាលាមេត្រីភាពបរិស្ថាន មានបរិយាកាស និងបរិស្ថានល្អ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងគណប្រតិភូបានអញ្ជើញពិនិត្យមើលនៅតាមថ្នាក់រៀនសាលាបឋមសិក្សាសម្តេចហ៊ុនសែន ពើក ដោយក្តីសប្បាយរីករាយនិងស្និតស្នាលជាទីបំផុត ៕ធ.ដ


