ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦ និងសំណេះសំណាលជាមួយសិល្បករ ទូទាំងប្រទេស លើកទី៣
ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ប្រារព្ធឡើងព្រមគ្នាជាមួយ ពិធីបិទមហោស្រព សិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី៦ និង ពិធីសំណេះសំណាលជាមួយសិល្បករទូទាំងប្រទេស លើកទី ៣។
ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំនេះ នៅតែរក្សាប្រធានបទ យុវជនដើម្បី វប្បធម៌ ជាតិ ដូចឆ្នាំមុនៗដែរ ក្នុងគោលបំណងជំរុញឱ្យយុវជន ដែលជាអ្នកបន្តវេន បានចូលរួមដោយ ផ្ទាល់កាន់តែស៊ីជម្រៅ និងកាន់តែប្រសើរថែមទៀតក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ ។
នៅមជ្ឈមណ្ឌល និងពិព័ណ៌កោះពេជ្រ ល្ងាចថ្ងៃទី ៣មីនានេះ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២២, ពិធីបិទ មហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី៦ និងពិធីសំណេះសំណាល ជាមួយ សិល្បករទូទាំងប្រទេសលើកទី៣ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
ការប្រារព្ធទិវាវប្បធម៌ជាតិមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យចូលរួមអនុវត្តឱ្យកាន់តែសកម្មថែមទៀត ដើម្បី ÷
លើកកម្ពស់មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះ នៃសហគមន៍ជនជាតិនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករនៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។
បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយថាមពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។
លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឲ្យបានគង់វង្សល្អនូវរាល់ ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ។
លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាព ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ឲ្យខិតខំបង្កបង្កើន ស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាព។
ជំរុញឲ្យមានការចូលរួម ដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនានិងពណ៌សម្បុរ។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ននានា ជាពិសេសសិល្បករ គ្រប់ទម្រង់នៅ ទូទាំងប្រទេស ប្រមាណជិត ៤ពាន់នាក់ នៅក្នុងព្រឹត្តិការណ៍ជួបសំណេះសំណាល ប្រចាំឆ្នាំនេះ ដែលជា ការបង្ហាញ អំពីសាមគ្គីភាព និង ភាពសុខដុមនីយកម្ម នៃសិល្បៈវប្បធម៌ ដ៏រុងរឿងរបស់ ប្រជាជាតិយើង ។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចក៏បាន ថ្លែងនូវការកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះ ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ គណៈកម្មការ អន្តរក្រសួង ក៏ដូចជាក្រុមការងារទាំងអស់ ដែលបាន ខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងសកម្មរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ រួមជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ រំលេចនូវស្នាដៃ បុព្វបុរសខ្មែរដែលបាន បន្សល់នូវ ស្នាដៃវប្បធម៌ ដ៏សម្បូរបែបដែល ជាមរតកមានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់ កូនចៅជំនាន់ក្រោយ ។
ជាមួយនេះដែរ សម្ដេចបានកោតសរសើរចំពោះឤជ្ញាធរដែនដី រាជធានី-ខេត្ត ដែលបាន ផ្តល់ការ គាំទ្រតាមរយៈគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រុមសិល្បៈយុវជនទាំង ២៥ រាជធានី- ខេត្ត ព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យនានា សរុប ៧២៥នាក់ បានចូលរួម ប្រកួត ប្រជែងស្នាដៃសិល្បៈនិងចំណេះដឹងផ្នែកវប្បធម៌ ហើយសម្ដេច ក៏អបអរសាទរ ចំពោះ ជ័យលាភី នៃ កម្មវិធីប្រកួតប្រជែងដែលបានរៀបចំនៅក្នុង «មហោស្រព សិល្បៈ យុវជនទូទាំង ប្រទេសឆ្នាំទី ៦» និងក្នុង «កម្មវិធី ប្រកួតប្រជែងសមត្ថភាពចំណេះ ដឹងផ្នែកវប្បធម៌» ។
សម្ដេចតេជោគូសបញ្ជាក់ទៀតថា ការប្រារព្ធទិវា វប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ ឆ្នាំ កន្លងមកនេះ បានឆ្លុះ បញ្ចាំងអំពីឤរ្យធម៌ ដ៏រុងរឿងនៃមហានគរខ្មែរ នាសម័យអង្គរ ហើយក៏ជាកិត្តិយសរបស់ប្រជាជន និងប្រទេសជាតិ ដែលមាន កំណើតនៅលើ ដែនដីនៃវប្បធម៌ដ៏សម្បូរបែបនៅឤស៊ីឤគ្នេយ៍ ដែលបុព្វបុរសខ្មែរបាន បន្សល់ទុក ជាមួយនឹង មរតកវប្បធម៌ និង អរិយធម៌ពីជំនាន់មួយទៅជំនាន់មួយទៀត ។
ម៉្យាងវិញទៀត ការអបអរនិងការរំលឹកគុណូបការៈបុព្វបុរសខ្មែរ ក្នុងទិវាវប្បធម៌ជាតិ គឺជា យន្តការជំរុញឱ្យមានការផ្ទេរចំណេះ ដឹងនិងជំនាញបច្ចេកទេសផ្នែកសិល្បៈវប្បធម៌ បណ្តុះភាព ក្លាហាន មនសិការស្រឡាញ់សិល្បៈវប្បធម៌ជាតិដល់ជនរួមជាតិគ្រប់ៗរូប ជាពិសេស ឱកាស ចូលរួមដោយសេរីនិងពេញលេញ ក្នុងសកម្មភាព សិល្បៈវប្បធម៌របស់យុវជន ជំនាន់ក្រោយ ដែលជាការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ស្របតាមគោល នយោបាយជាតិ ស្តីពីវិស័យ វប្បធម៌ ដើម្បីសម្រេចបាននូវការអភិវឌ្ឍជាតិប្រកប ដោយ ចីរភាព និងបរិយាប័ន្ន។
សម្ដេចតេជោ បានផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័ន ពាក់ព័ន្ធនិងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដើម្បីបន្តអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិរូបី និង អរូបី ដោយ តម្លាភាព ជាអាទិ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវបន្តយក ចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់ បទល្មើសឱ្យបានទាន់ ពេល វេលា និងប្រកបដោយប្រសិទ្ធភាពនៅតាម ទីតាំងតំបន់ ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់រយឆ្នាំនៅតាម មូលដ្ឋាននៅ ទូទាំងប្រទេស។ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃ បេតិកភណ្ឌរូបី ទាំងនោះឱ្យបាន សព្វគ្រប់ ដើម្បីចៀសវាងការ រំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញ នូវបដិមានានា របស់ ជាតិ ដែលបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម ។
សម្ដេចផ្ដល់អនុសាសន៍ផងដែរ ឲ្យរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីទាំងឡាយ របស់ជាតិ ដែលបាន បាត់បង់ និងត្រូវយកចិត្តទុកដាក់ ស្វែងរកមរតកមនុស្សរស់ បន្ថែមទៀត ដែល ជាឃ្លាំង ចំណេះដឹង ក្នុងការបន្តវេនទៅយុវជនជំនាន់ក្រោយ ។
សម្ដេចតេជោ បានគាំទ្រ ចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងព័ត៌មាន ដែលបានធ្វើឱ្យវិស័យ ភាពយន្តភាគខ្មែរបាននិងកំពុងមានភាពរីកចម្រើន គួរឱ្យកត់ សម្គាល់តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរនាពេលកន្លងមក។ ជាមួយគ្នានេះ សម្ដេចក៏ឱ្យ ឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវសហការ ជួយសម្រួល ផ្តល់ទីតាំង ក្នុងដែនដី របស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាពយន្ត គ្រប់ប្រភេទ ។
សម្ដេចក៏ជំរុញ ឱ្យបន្តសហការ ជាមួយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ជាពិសេស ជាមួយ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការបំពានច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃ វប្បធម៌ចាស់ៗយកមក ក្លែងបន្លំ ជាមួយនឹងការបញ្ចូលរូបភាពមិន សមរម្យនានាដោយពុំមានច្បាប់អនុញ្ញាត ។
សម្ដេចតេជោ អំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេស សិល្បករ-សិល្បការិនី និង អ្នកនិពន្ធ ស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់ ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមាន មរតកសាសន៍ និងគ្មានមរតកសាសន៍មក ផលិតឡើងវិញ ដោយពុំបានសុំការអនុញ្ញាតពី ម្ចាស់សិទ្ធិឬពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់មតិណែនាំ មួយចំនួន ដើម្បីឱ្យវប្បធម៌ជាតិ ដែលជា ដួងព្រលឹង និងជាអត្ត សញ្ញាណជាតិ និងជាឧបករណ៍ សម្រាប់កិច្ចសន្ទនា ការផ្សះផ្សា សង្គម និងជាស្ពាននៃការតភ្ជាប់រវាងប្រជាជាតិមួយទៅប្រជាជាតិ មួយទៀតកាន់តែមានការរីកចម្រើន និងមានភាពល្បីល្បាញនៅ បណ្តាឆ្នាំក្រោយៗទៀត ៕










