មានសន្តិភាពមានការលើកកម្ពស់សមភាព យេនឌ័រ នេះគឺជាប្រធានបទក្នុងការប្រារព្ធពិធី អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០
ខេត្តកំពង់ចា៖ នៅ សាលប្រជុំ សាលា ខេត្ត កំពង់ចាម នាព្រឹក ថ្ងៃ ទី ៣ ខែមីនា ឆ្នាំ ២០២០នេះ បានប្រារព្ធពិធី អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ ៖ «មាន សន្តិភាព មានការ លើក កម្ពស់ សមភាព យេនឌ័រ » ក្រោម វត្តមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ។

លោក អ៊ុន ចាន់ដា បាន ថ្លែង ថា ការប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បី រំលឹកឡើងវិញ នូវការតស៊ូ របស់វីរៈស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម ដែលជាលទ្ធភាពធ្វើឲ្យស្ត្រីទទួលបានការគោរពសិទ្ធិសេរីភាព និងការទទួលស្គាល់តម្លៃ នៃការចូលរួមដោយស្មើភាពលើការអភិវឌ្ឍទាំងក្នុងគ្រួសារ និងសង្គមជាតិ។

លោក អភិបាលខេត្ត បាន ថ្លែង បន្ត ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ដើម្បី ឲ្យពួកគាត់ក្លាយជាកម្លាំងចលករមួយ ចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។

ជាមួយនោះ គោលនយោបាយជាតិ ស្ដីពីសមធម៌យេឌ័រ នឹងក្លាយជាក្របខ័ណ្ឌគោលនយោបាយដ៏សំខាន់ ដែលជាផែនទីចង្អុលទិស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបញ្ជ្រាបយេនឌ័រ ទៅតាមទិសវិស័យ និងស្ថាប័ន ដែលមានគោលដៅធ្វើ ឲ្យ ស្ថាប័ននីយកម្មក្របខ័ណ្ឌផ្អែកលើលទ្ធផល ក្នុងការងារលើកកម្ពស់យេនឌ័រនៅកម្ពុជា ដោយមានចំណុចដៅជាក់លាក់ នៅតាមវិស័យនីមួយៗ ដេីម្បី បង្កើនធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ទៅតាមវិស័យស្ថាបនរដ្ឋ ក៏ដូចជាវិស័យឯកជន ផ្សេងៗទៀត៕ធ.ដ

