អ៊ីរ៉ង់៖ការព្រួយបារម្ភចំពោះការផលិតលោហៈអ៊ុយរ៉ាន្យោមរបស់ពួកគេ គឺ «មិនចាំបាច់»

កាល​ពី​ថ្ងៃ​ពុធ​នេះ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​ការ​សម្រេច​ផលិត​លោហៈ​អ៊ុយរ៉ាន្យោម​ក្នុង​កម្រិត​រហូត​ទៅ​ដល់​ ២០% គឺ​ក្នុង​គោលបំណង​សន្តិភាព​ទេ​ ហើយ​ការ​ព្រួយ​បារម្ភ​គឺ​ «មិន​ចាំ​បាច់​ទេ​» រួច​បាន​បន្ថែម​ថា​ក្រុង​តេហេរ៉ង់​នឹង​ផ្លាស់​ប្តូរ​ជំហាន​នុយក្លេអ៊ែរ​របស់​ខ្លួន​ភ្លាម​ៗ​ នៅ​ពេល​សហរដ្ឋអាមេរិក​ដក​ទណ្ឌកម្ម​ចេញ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Saeed Khatibzadeh បាន​និយាយ​ថា​៖ «ផ្ទុយ​ពី​ការ​អះអាង​របស់​អាមេរិក និង​មហា​អំណាច​អឺរ៉ុប​ វិធានការ​នេះ​ (ការ​ផលិត​លោហៈ​អ៊ុយរ៉ាន្យោម​) គឺ​ធ្វើ​ឡើង​សម្រាប់​គោលបំណង​សន្តិភាព​តែ​ប៉ុណ្ណោះ ហើយ​វា​នៅ​ត្រូវ​ប្រើ​នៅ​រ៉េអាក់ទ័រ​ស្រាវជ្រាវ​តេហេរ៉ង់​»​។

កាល​ពី​ថ្ងៃ​អង្គារ ភ្នាក់​ងារ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា​អ៊ីរ៉ង​ចាប់​ផ្ដើម​ផលិត​អ៊ុយរ៉ាន្យោម​ជា​លោហៈ ដែល​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​។ ការ​ធ្វើ​បែប​នេះ​ បាន​ទាក់ទាញ​ការ​រិះគន់​ពី​អាមេរិក​ អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​ថា​អាច​ធ្វើ​ស្មុគស្មាញ​ ឬ​អាច​បំផ្លាញ​ការ​ចរចា​នុយក្លេអ៊ែរ​។ មហា​អំណាច​ពិភពលោក​ កំពុង​ចរចា​ជា​មួយ​អ៊ីរ៉ង់​តាំង​ពី​ខែ​មេសា​មក​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ២០១៥​ ដែល​ដាក់​បម្រាម​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​។

កាល​ពី​ឆ្នាំ​ ២០១៨ អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ ហើយ​តាំង​ពី​ពេល​នោះ​មក​ ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ ធ្វើ​ឱ្យ​ក្រុង​តេហេរ៉ង់​ចាប់​ផ្ដើម​រំលោភ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​។

លោក​ Khatibzadeh បាន​និយាយ​ថា​៖ «វិធានការណ៍​នេះ​មិន​ផ្ទុយ​នឹង​កាតព្វកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​ចំពោះ​ការ​មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ និង​ការ​គោរព​កិច្ច​ព្រមព្រៀង​២០១៥ ហើយ​ក្រុង​តេហេរ៉ង់​ត្រៀម​នឹង​ផ្លាស់​ប្ដូរ​ជំហាន​របស់​ខ្លួន​នៅ​ពេល​មាន​ការ​ដក​ទណ្ឌកម្ម​»​។

ក្រុង​តេហេរ៉ង់​បាន​ផលិត​លោហៈ​អ៊ុយរ៉ាន្យោម​ក្នុង​បរិមាណ​តិចតួច​ និង​ភាព​សុទ្ធ​មាន​លកន្ខណៈ​ទាប​កាល​ពី​ដើម​ឆ្នាំ​នេះ​។ នេះ​គឺ​ជា​ការ​រំលោភ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ដែល​ហាមឃាត់​ការងារ​ទាក់​ទង​អ៊ុយរ៉ាន្យោម​ជា​លោហៈ​ ដែល​អាច​ប្រើ​សម្រាប់​ផលិត​ស្នូល​នៃ​គ្រាប់​បែក​នុយក្លេអ៊ែរ​។ អ៊ីរ៉ង់​តែងតែ​បដិសេធ​ថា​ខ្លួន​មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ​៕ សុខ វេងឈាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner