ប្រកាសអាសន្នកូវីដ១៩នៅក្រុងតូក្យូ ធ្វើឱ្យមានការព្រួយបារម្ភអំពីការប្រកួតកីឡាអូឡាំពិក
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុនបាននិយាយថារដ្ឋាភិបាលនឹងប្រកាសដាក់រដ្ឋធានីតូក្យូក្នុងភាពអាសន្នរហូតដល់ថ្ងៃ ២២ សីហាដើម្បីប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជំងឺកូវីដ១៩ ខណៈអ្នករៀបចំកំពុងពិចារណាការហាមឃាត់មិនឱ្យមនុស្សចូលទស្សនាការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្ដើមនៅរយៈពេល ២ សប្ដាហ៍ខាងមុខ។

ទីប្រឹក្សាសុខាភិបាលរបស់រដ្ឋាភិបាលជប៉ុន បាននិយាយអស់រយៈពេលជាច្រើនសប្ដាហ៍ថាការហាមមិនឱ្យមានភ្ញៀវទស្សនា គឺជាជម្រើសអាចកាត់បន្ថយភាពគ្រោះថ្នាក់ ខណៈពេលដែលមានការព្រួយបារម្ភថាការហូរចូលនៃកីឡាករ និងមន្ត្រីរាប់ពាន់នាក់មកពីជុំវិញពិភពលោក អាចធ្វើឱ្យមានរលកឆ្លងនៅជប៉ុនកាន់តែពិបាកគ្រប់គ្រង។
អ្នករៀបចំបានហាមឃាត់អ្នកទស្សនាមកពីក្រៅប្រទេសរួចហើយ ហើយបានកំណត់ចំនួនភ្ញៀវក្នុងស្រុកត្រឹមតែ ៥០% នៃចំណុះរបស់កីឡារដ្ឋាន ដែលស្មើនឹងមនុស្សប្រមាណ ១០.០០០ នាក់។ ការពិភាក្សាបង្ហើយលើវិធានការកំណត់ចំនួនទស្សនិកជន ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៌នេះ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនលោក Yasutoshi Nishimura ជាអ្នកដឹកនាំយុទ្ធនាការរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ បាននិយាយភាពអាសន្ននៅតូក្យូនឹងចាប់ផ្ដើមទីនៅថ្ងៃទី១២ កក្កដា បន្ទាប់ពីអត្រាឆ្លងប្រចាំថ្ងៃកើនដល់ ៩២០ករណីកាលពីថ្ងៃពុធសប្ដាហ៌នេះ ដែលជាចំណុចយ៉ាងខ្ពស់មិនធ្លាប់ឃើញតាំងពីខែឧសភាកន្លងមក។
ការសម្រេចនេះត្រូវបានរំពឹងថានឹងអនុម័តជាផ្លូវការនៅល្ងាចថ្ងៃព្រហស្បតិ៍ ដែលនឹងរួមមានការធ្វើសន្និសីទ3កាសែតដោយលោកនាយករដ្ឋមន្ត្រី Yoshihide Suga។
តំបន់ជិតខាងក្រុងតូក្យូដូចជាChiba និង Kanagawa ដែលកម្មវិធីអូឡាំពិកមួយចំនួននឹងរៀបចំនៅទីនោះ នឹងស្ថិតក្រោមវិធានការធូរស្រាលជាងតូក្យូ។ ការប្រកួតកីឡាអូឡាំពិកតូក្យូគ្រោងនឹងដំណើរការពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា។ សុខ វេងឈាង