សភាអឺរ៉ុបត្រៀមអនុម័តការទាមទារឱ្យ EU ដាក់ទណ្ឌកម្មហុងកុង ក្រោយពីការបិទកាសែត Apple Daily
សភាអឺរ៉ុបត្រៀមនឹងអនុម័តសេចក្ដីសម្រេចមួយពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅហុងកុង ក្រោយពីកាបិទទ្វារនៃកាសែតហុងកុង Apple Daily ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋបាលដែនដីហុងកុង នេះបើតាមការផ្សាយសេចក្ដីសម្រេចព្រាងក្នុងគេហទំព័រសភាអឺរ៉ុបកាលពីថ្ងៃទី៧ ខែកក្កដា ។

កាលពីខែមិថុនា ប៉ូលិសហុងកុងបានចាប់ខ្លួនថ្នាក់ដឹកនាំ និងនិពន្ធនាយកកាសែត Apple Daily ក្រោមការចោទប្រកាន់ពីបទល្មើសនឹងច្បាប់សន្តិសុខជាតិហុងកុង ដែលអនុម័តដោយរដ្ឋធានីប៉េកាំងកាលពីឆ្នាំ២០២០។ អាជ្ញាធរហុងកុង ក៏បានបង្កកទ្រព្យសម្បត្តិក្រុមហ៊ុន Next Digital ដែលជាក្រុមហ៊ុនម្ចាស់របស់កាសែតនេះ ធ្វើឲ្យសារព័ត៌មានមួយនេះមិនអាចបើកប្រាក់បៀវត្សជូនបុគ្គលិក និងមិនអាចដំណើរការទៅមុខបាន។
បន្ថែមពីលើនេះទៅទៀត មហាសេដ្ឋីដែលជាស្ថាបនិកកាសែតនេះ លោក Jimmy Lai ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ថាបានឃុបឃិតជាមួយកម្លាំងបរទេស ដែលប៉ះពាល់ដល់សន្តិសុខជាតិ ហើយប្រឈមនឹងការផ្ដន្ទាទោសអតិបរមាជាប់ពន្ធនាគារមួយជីវិត។
ជាមួយនឹងស្ថានភាពនេះ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ សភាអឺរ៉ុបបានធ្វើការតស៊ូមតិអំពីវិធានការនានា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលចិន និងហុងកុង ហើយគ្រោងនឹងអនុម័តសេចក្ដីសម្រេចព្រាងខាងលើនៅថ្ងៃព្រហស្បតិ៍។ ឯកសារព្រាងនេះ ត្រូវបានគេរំពឹងទុកថានឹងទទួលបានការគាំទ្រក្នុងសំឡេងភាគច្រើន តែមិនមានទម្ងន់ផ្លូវច្បាប់ទេ ដោយគ្រាន់តែជាអនុសាសន៍ណែនាំដល់ក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់អឺរ៉ុប។
សេចក្ដីសម្រេចព្រាងនេះមានប្រវែង ១១ទំព័រ និង ២៨ចំណុច ដែលតាក់តែងដោយសមាជិកសភាអឺរ៉ុបចំនួន ៧៨នាក់ ក្នុងចំណោមសមាជិកសរុប ៧០៥រូប។
ក្នុងឯកសារនេះ សភាអឺរ៉ុបបានការថ្កោលទោសចំពោះការបិទសារព័ត៌មាន Apple Daily ហើយថែមសម្ដែងពីការព្រួយបារម្ភអំពីការធ្លាក់ចុះនូវស្ថានភាពសិទ្ធិមនុស្សនៅហុងកុង ក៏ដូចជាព្រួយបារម្ភអំពីការអនុវត្តច្បាប់សន្តិសុខជាតិហុងកុងផងដែរ។
បន្ថែមពីលើនេះ តាមរយៈសេចក្ដីសម្រេចព្រាង សភាអឺរ៉ុបជំរុញឲ្យសមាជិកនៃសហភាពអឺរ៉ុបដាក់ចេញនូវវិធានការថ្មីៗ ដែលរួមមាន «ការដាក់ទណ្ឌកម្មជាគោលដៅ» ក្រោមវិធានការដាក់ទណ្ឌកម្មសិទ្ធិមនុស្សសកលរបស់សហភាពអឺរ៉ុប ដែលជាការដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅហុងកុង។
ក្នុងនោះដែរ សភាអឺរ៉ុបណែនាំឱ្យដាក់ទណ្ឌកម្មលើបុគ្គល ៩ រូប ដែលក្នុងនោះមានដូចជា ប្រមុខប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង លោកស្រី Carrie Lam ព្រមទាំងប្រមុខអាជ្ញាធរយុត្តិធម៌ និងប្រមុខអាជ្ញាធរសន្តិសុខប្រចាំនៅទីក្រុងនេះ ក៏ដូចជាមន្ត្រីទំនាក់ទំនងរវាងរដ្ឋាភិបាលកណ្ដាលរដ្ឋធានីប៉េកាំង និងហុងកុង។
ក្រៅពីដាក់ទណ្ឌកម្មនេះ សភាអឺរ៉ុបក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប ព្រមទាំងសមាជិកនៃសហភាពអឺរ៉ុបទាំងអស់ ឱ្យបដិសេធការអញ្ជើញរបស់ក្រុងប៉េកាំងក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ ដែលធ្វើឡើងនៅប្រទេសចិន។ សភាអឺរ៉ុបបានបកស្រាយថា ដរាបណារដ្ឋាភិបាលចិនមិនធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅចិនមានភាពប្រសើរឡើង ថ្នាក់ដឹកនាំនៃអឺរ៉ុបទាំងអស់មិនគួរចូលរួមអូឡាំពិកឆ្នាំ២០២២នោះទេ។
យ៉ាងណាមិញ ប្រភពខាងក្នុងគណៈកម្មការអឺរ៉ុបបានប្រាប់សារព័ត៌មាន South China Morning Post គណៈកម្មការហាក់បីដូចជាមិនសូវស្វាគមន៍សេចក្ដីព្រាងរបស់សភាអឺរ៉ុបប៉ុន្មាននោះទេ។
ប្រភពបានទម្លាយឱ្យដឹងថា ការអំពាវនាវរបស់សភាអឺរ៉ុបឱ្យមានការធ្វើពហិការផ្នែកការទូតមិនចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ ជា «រឿងគួរឲ្យអស់សំណើច» មួយ ខណៈប្រទេសនៃសហភាពអឺរ៉ុបទាំងអស់ចូលរួមព្រឹត្តិការណ៍នេះរៀងៗខ្លួន មិនមែនចូលជាលក្ខណៈសហភាពអឺរ៉ុបតែមួយនោះទេ ដូច្នេះជាធម្មតាមន្ត្រីគណៈកម្មការអឺរ៉ុបច្រើនតែមិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។
ទាក់ទិននឹងការដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំក្រុងហុងកុងវិញ ប្រភពនោះបានឲ្យដឹងថា «ស្ថានភាពនៅហុងកុងមិនក្ដៅគគុក ដល់EU ទាំងមូលរួមគ្នាដាក់ទណ្ឌកម្មនោះទេ ដូច្នេះមិនមានអ្វីធំជិតមកដល់ទេ។ យើងនៅតែបន្តអនុវត្តវិធានការ ដែលដាក់ចេញកាលពីឆ្នាំមុន ហើយយើងបន្តតាមស្ថានភាពឱ្យបានជិតដិតជារៀងរាល់ថ្ងៃ»។
វិធានការរបស់សហភាពអឺរ៉ុបទៅលើហុងកុងកាលពីឆ្នាំ២០២០កន្លងទៅ មានត្រឹមតែកម្រិតការនាំចេញពីអឺរ៉ុបទៅកាន់ហុងកុង ក៏ដូចជាវិធានការគាំទ្រអ្នករស់នៅក្នុងទីក្រុងហុងកុង និងសង្គមស៊ីវិលនៅដែនដីនេះ តាមរយៈការផ្ដល់ទិដ្ឋាការ (Visa) ចូលអឺរ៉ុប បង្កើនចំនួនអាហារូបករណ៍ចំពោះយុវជនហុងកុង ក៏ដូចជាបង្កើនឱ្យមានកម្មវិធីផ្លាស់ប្ដូរការសិក្សា។ យ៉ាងណាមិញ វិធានការឆ្នាំមុនមិនមានរាប់បញ្ចូលការដាក់ទណ្ឌកម្មនោះទេ៕ ហ៊ីមរដ្ឋា