លោក ដូណាល់ ត្រាំ និយាយថា មានសុវត្ថិភាពណាស់ ចំពោះការប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការបោះឆ្នោត បើទោះជាមានការរាលដាលនៃវីរុស COVID-19
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃទី០២ ខែមិនាថា ការប្រមូលផ្តុំគ្នាក្នុងយុទ្ធនាការបោះឆ្នោតនឹងមិនធ្វើឱ្យអ្នកគាំទ្ររបស់លោក ប្រឈមមុខនឹងហានីភ័យនៃការរាលដាលពីជម្ងឺឆ្លង COVID-19 នោះទេ លោកថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនយ៉ាងល្អដើម្បីទប់ទល់នឹងវីរុសនេះ ។

ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលរួបលោក គ្រោងនឹងរៀបចំការជួបជុំមួយផ្សេងទៀតនៅរដ្ឋ ណស់ ខារ៉ូលីណា នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនផលិតឱសថធំៗរបស់អាមេរិក ដើម្បីពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងបង្កើតវ៉ាក់ស៊ាំងប្រឆាំងនឹងវីរុស ។

នាឱកាសនោះ លោក ដូណាល់ ត្រាំ បាននិយាយថា យើងបានស្នើឱ្យពួកគេ (ប្រធានក្រុមហ៊ុនផលិតឱសថ) បង្កើនល្បឿននូវអ្វីដែលពួកគេបាននឹងកំពុងធ្វើ ទាក់ទងនឹងវ៉ាក់ស៊ាំងការពារវីរុស ។ សូមបញ្ជាក់ថា ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់១០០ករណី ដែលក្នុងនោះមានមនុស្ស០៦នាក់បានបាត់បង់ជីវិត ៕ធ.ដ
