តួលេខសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅអ៊ីរ៉ង់កើនដល់៦៦នាក់ ខណៈអ្នកឆ្លងសរុបកើនជាង១.៥០០ករណី
អ៊ីរ៉ង់៖ ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីរ៉ង់បន្តកើនឡើងដល់៦៦នាក់ ស្របពេលដែលតួលេខសរុបនៃអ្នកឆ្លងវិញ ក៏បានកើនឡើងជាង១.៥០០ករណីផងដែរ ក្នុងនោះមនុស្ស២៩១នាក់ជាសះស្បើយ នេះបើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ នៅថ្ងៃទី០២ ខែមិនាដដែលនេះ សមាជិកម្នាក់ នៃក្រុមប្រឹក្សាពិគ្រោះយោបល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ទើបតែបានស្លាប់ ក្រោយឆ្លងជំងឺ COVID-19 ។ កន្លងទៅនេះ អនុរដ្ឋមន្រ្តីសុខាភិបាលម្នាក់ សមាជិកសភាម្នាក់ និងអនុប្រធានាធិបតីម្នាក់របស់ប្រទេសអ៊ីរ៉ង់ក៏បានឆ្លងជំងឺរលាកសួតដ៏សាហាវនេះផងដែរ ខណៈអ្នកទាំងពីរកំពុងទទួលការព្យាបាល ។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានប្រកាសពីការរកឃើញករណីឆ្លងមេរោគ COVID-19 ដំបូងកាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅនេះ នៅទីក្រុងក៉ុម និងជាប្រទេសដែលមានករណីស្លាប់ច្រើនបំផុត ដោយសារមេរោគរលាកសួតនេះបន្ទាប់ពីចិន ៕ធ.ដ
