ប្រគល់ផ្ទះ៥៩ខ្នង របស់ឯកឧត្តម ហ៊ុន ម៉ាណែតនិងលោកជំទាវ ពេជ ចន្ទមុនី ដល់យោធិនពិការតេជោភ្នំឆ័ត្រ ៣១៧
បន្ទាយមានជ័យ ៖ ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនយោធិនពិការក្នុងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧តេជោភ្នំឆ័ត្រឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី បានសង់ផ្ទះចំនួន៥៩ខ្នងប្រគល់ជូន។ ពិធីប្រគល់បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ខែមិនាឆ្នាំ២០២០ ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម មរណះ មេបញ្ជាការរងកងទ័ពជើងគោក លោកជំទាវ វ៉ាន់ លុយ ឧកញ៉ា ទៀង ថៃ និង លោកជំទាវ ភោគ សោភ័ណ ។

លោកឧត្តមសេនីយ៍ទោ អ៊ុត សំអាត នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្របានលើកឡើងថា យោធិនពិការដែលកំពុងរស់នៅក្នុងមណ្ឌលមានចំនួន៥៩៥គ្រួសារ ។ក្នុងនោះមានចំនួន៤៩៦គ្រួសារបានទទួលផ្ទះស្នាក់នៅនិងរស់នៅបានសមរម្យ និង៩៩គ្រួសារទៀតបន្តរស់នៅក្នុងខ្ទមដែលសង់រស់នៅបណ្តោះអាសន្នលើដីអង្គភាពចែកជូន។

ជួបសំណេះសំណាលជាមួយយោធិន ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម មរណះ មេបញ្ជាការរងបានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខយោធិនចូលនិវត្តន៍ យោធិនពិលី យោធិនពិការ និង យោធិនការត់រំសាយពិសេសយោធិនពិការក្នុងមណ្ឌលអភិវឌ្ឍន៍យោធិន៣១៧ភ្នំឆ័ត្រ។

ថ្លែងសំណេះសំណាលនេះដែរឯកឧត្តម ព្រហ្ម មរណៈ បានចូលរួមអបអរសាទរចំពោះបងប្អូនយោធិនពិការដែលទទួលបានការជួយឧបត្ថម្ភផ្ទះស្នាក់នៅពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ហើយការផ្តល់ជូននេះបងប្អូនអាចរស់នៅបានសមរម្យ តែកំភ្លេចជួយថែរក្សាផង។

ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ផងដែរថា អ្វីដែលបងប្អូនទទួលបានទាំងការរស់នៅ ទាំងទីជម្រក និងដីសម្រាប់បង្កបង្កើនផល គឺបានមកពីសន្តិភាព ប្រទេសមានសន្តិភាពគឺមានការរីកចម្រើន មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ក្នុងនោះជីវភាពនៃការរស់នៅរបស់បងប្អូនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរ៕ធ.ដ
ដោយ៖ឃិន គន្ធា