ព្រឹត្ដិការណ៍សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នឹងត្រូវរៀបចំឡើងនៅខាងមុខប្រាសាទអង្គរវត្ត និងក្នុងក្រុងសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប  កាលពីរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានការគាំទ្រពីឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប នឹងសហការជាមួយអាជ្ញាធរខេត្ដ អាជ្ញាធរជាតិអប្សរា រួមនឹងអង្គភាពពាក់ព័ន្ធជាច្រើន គ្រោងនឹងប្រារព្ធព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០២០ នៅខាងមុខប្រាសាទអង្គរវត្ដ និងបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ដែលគេមើលឃើញថា មានសភាពធំជាងព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដឆ្នាំ២០១៩។

ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ទៀតថា ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវអនុសាសន៍ និង អនុញ្ញាតឲ្យអាជ្ញាធរខេត្តរៀបចំប្រារព្ធ ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំ២០២០ នៅរមណីយដ្ឋានអង្គរ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន និង សាធារណជនខ្មែរទូទៅបានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ស្មារតីខ្មែរតែមួយ អនាគតតែមួយ ប្រកបដោយភាពសុខដុម និងសប្បាយរីករាយ។

ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា ក្រៅពីការបណ្ដុះស្មារតី អភិរក្សអភិវឌ្ឍន៍វប្បធម៌ខ្មែរ ដែលជាព្រលឹង និងអត្ដសញ្ញាណជាតិខ្មែរ ព្រឹត្តិការណ៍នេះ ក៏នឹងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាបកាន់តែច្រើន ជាពិសេសភ្ញៀវទេសចរណ៍ នឹងបានស្គាល់ពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងអរិយធម៌របស់កម្ពុជាផងដែរ ហើយព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្ររបស់ខេត្តសៀមរាបនាឆ្នាំនេះ នឹងមានបង្កើតកម្មវិធីកំសាន្ដថ្មីៗជាច្រើនទៀត ទាំងនៅខាងមុខប្រាសាទអង្គរវត្ដ និងនៅទីក្រុងសៀមរាប ដូច្នេះអាចវាយតម្លៃបានថា កម្មវិធីសង្ក្រាន្ដសៀមរាប២០២០នេះ មានទំហំធំជាងឆ្នាំ២០១៩ រហូតដល់ ៧០ភាគរយ ទៅ៨០ភាគរយ ។

គួររំលឹកថា បន្ទាប់ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងខេត្តសៀមរាប រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ (៦ឆ្នាំជាប់ៗគ្នា) នៅឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាប បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរជាតិអប្សរា បានទទួលរៀបចំព្រឹតិ្តការណ៍នេះជាលើកដំបូង នៅបរិវេណសួនព្រះរាជដំណាក់ក្នុងក្រុងសៀមរាប៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner