កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX គ្រោងផ្តល់វ៉ាក់សាំង Covid-19 អោយបាន៥២០លានដូសទៅទ្វីបអាហ្វ្រិកនៅឆ្នាំ២០២១នេះ
បរទេស៖ កម្មវិធីចែកចាយវ៉ាក់សាំងសកល COVAX របស់អង្គការសុខភាពពិភពលោក (WHO) នឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩អោយបានចំនួន៥២០លានដូសទៅទ្វីបអាហ្វ្រិកនៅក្នុងឆ្នាំ២០២១ ។
នាយកគ្រប់គ្រងគម្រោង COVAX លោកស្រី Aurelia Nguyen បានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាហ្វ្រិកថា មកទល់ពេលនេះ គម្រោង COVAX ទើបតែចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩បានចំនួន២៥លានដូសប៉ុណ្ណោះ ទៅកាន់ប្រទេសអាហ្វ្រិកចំនួន៤៤ ។ គម្រោងមិនសប្បាយចិត្តនឹងដំណើរការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនឡើយ ប៉ុន្តែថា ការផ្គត់ផ្គង់នឹងបង្កើនចាប់ពីខែកញ្ញាខាងមុខនេះ ។ លោកស្រីបន្ថែមថា ផែនការផ្គត់ផ្គង់ត្រូវបានពន្យាពេលផ្នែកខ្លះដោយសារប្រទេសឥណ្ឌាបានរឹតត្បិតក្នុងការនាំចេញវ៉ាក់សាំងដែលបានរាំងស្ទះដល់គម្រោង ដើម្បីទទួលបានវ៉ាក់សាំងពីវិទ្យាស្ថានឥណ្ឌា Serum ដែលជាស្ថាប័នផលិតវ៉ាក់សាំងបំផុតមួយក្នុងពិភពលោក ដែលកំពុងផលិតវ៉ាក់សាំង AstraZeneca ។
លោក Nguyen បានអោយដឹងទៀតថា COVAX បានកំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា និងវិទ្យាស្ថានឥណ្ឌា Serum ដើម្បីបន្តទទួលបានវ៉ាក់សាំងនៅឆ្នាំនេះ បើទោះជាស្ថានភាពប្រែប្រួលក៏ដោយ ។ នៅត្រឹមបំណាច់ឆមាសទី១ ឆ្នាំ២០២២ គម្រោង COVAX នឹងបង្កើនការផ្គត់ផ្គង់ឲ្យបានជិត៨៥០លានដូសទៅទ្វីបអាហ្វ្រិក ដែលជាកន្លែងមានអត្រាវ៉ាក់សាំងទាបជាងគេបំផុតក្នុងពិភពលោក ៕ ប្រភព៖ Reuters

