ការសិក្សាមួយនៅប្រេស៊ីលបញ្ជាក់ថា វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាពទាបប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Gamma
ប្រេស៊ីល៖ ការសិក្សាមួយបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុនចិន Sinovac ដែលជាគន្លឹះដ៏សំខាន់មួយសម្រាប់ប្រទេសប្រេស៊ីល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនោះ ត្រូវបានរកឃើញថា មានប្រសិទ្ធទាបដើម្បីប្រឆាំងនឹងវីរុសបម្លែងថ្មី Gamma ដែលមានប្រភពដើមនៅប្រទេសអាមេរិកខាងត្បូង ។
ក្រុមស្រាវជ្រាវបានរកឃើញថា អង្គបដិប្រាណបង្កើតឡើងដោយវ៉ាក់សាំង បានធ្វើការមិនសូវល្អប្រសើរទេ ក្នុងការប្រឆាំងនឹងវីរុសបម្លែងថ្មី បើធៀបនឹងវីរុសកូវីដ១៩ទម្រង់ដើម ខណៈដែលវីរុសបម្លែងថ្មី Gamma ក៏អាចឆ្លងដល់មនុស្សដែលធ្លាប់ឆ្លងវីរុសនេះម្តងទៀតផងដែរ ។
អ្នកស្រាវជ្រាវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមត្ថភាពរបស់វីរុសបម្លែងថ្មី Gamma ដើម្បីគេចពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ សូម្បីតែចំពោះមនុស្សដែលបានចាក់ថ្នាំបង្ការរោគ បានបង្ហាញថា វីរុសនេះអាចឆ្លងរាលដាលយ៉ាងខ្លាំង ចំពោះអ្នកដែលចាក់វ៉ាក់សាំងហើយ រឹសូម្បីតែនៅក្នុងតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ៕ ប្រភព៖ CNA

