គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា (Video Inside)
គណៈរដ្ឋមន្រ្តី បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូ Zoom នៅថ្ងៃនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។
មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌ គតិយុត្តដែលបើកចំហ, មានតម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម- សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំថ្ងៃទី៩កក្កដានេះផងដែរ គណរដ្ឋមន្ត្រីនៅបានអនុម័តលើ“សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា១២៣, មាត្រា១៣៨, មាត្រា១៦២, មាត្រា៣០០, មាត្រា៣៤៣, មាត្រា៣៥០, មាត្រា៣៦៣, មាត្រា៣៥០, មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ។
យោងតាមសេចក្តីប្រកាសព័ត៌មានទីស្តីការគណរដ្ឋមន្ត្រី ការធ្វើវិសោធនកម្មច្បាប់នេះ មានគោលបំណងពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃការ វិវត្តន៍វិស័យសង្គមសេដ្ឋកិច្ចក្នុងតំបន់និងសកលលោកសម្តៅសម្រេចឲ្យបាននូវឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។